កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ក្រុម លេខាធិការដ្ឋាន ជាសេនាធិការរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ត្រូវធ្វើ សកម្មភាពបំពេញភារកិច្ចឱ្យបានជាប់ជាប្រចាំ ដោយមិនត្រូវធ្វើការងារដូចភ្លើងចំបើងឡើយ ថ្លែង បែបនេះក្នុងកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន ដើម្បីជាជំនួយការដល់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ក្រុមលេខាធិការដ្ឋាន ជាសេនាធិការរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដែលមានសមាសភាព ចំនួន១៦រូប ឱ្យឈ្វេងយល់អំពីតួនាទី ភារកិច្ចដូចជាការ រៀបចំផែនការសកម្មភាពអំពីការចុះរៀបចំវេទិកាសាធារណៈ នៅតាមបណ្តាក្រុង ស្រុក សម្របសម្រួល និងបូកសរុបរបាយការណ៍អំពីសកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យបានទៀងទាត់ជូនឯកឧត្តម អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ សម្របសម្រួលការងារប្រចាំថ្ងៃរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ធ្វើការបូកសរុប វាយតម្លៃអំពីលទ្ធផលការងារ និងបញ្ហាប្រឈមរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីជាក់ជូនឯកឧត្តមអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សម្របសម្រួលរៀបចំកិច្ចប្រជុំបូកសរុបប្រចាំត្រីមាស ប្រចាំឆមាស និងចាំឆ្នាំរបស់ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម និងបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។ដោយឡែករដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំសេចក្តីសម្រេច ស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក។ ចំពោះរដ្ឋបាលឃុំ សង្កាត់នីមួយៗត្រូវមានមន្ត្រីនៅប្រចាំការក្នុងមូលដ្ឋាន របស់ខ្លួន។ អនុប្រធាន និងសមាជិក សមាជិកា ត្រូវចូលរួមកិច្ចប្រជុំតាមការអញ្ជើញរបស់ប្រធានលេខាធិការដ្ឋានផងដែរ ៕