ខេត្តកែប៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សង្គហមិត្ត ខេត្តកែប អាជ្ញាធរសវនកម្មជាតិ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង/ស្រុក និងឃុំ/សង្កាត់ នៃរដ្ឋបាលខេត្តកែប សរុបចំនួន ១២០ រូប ។
អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកររង និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ និងមានការចូលរួមពី ឯកឧត្តម អ៊ុក ថា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អុឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈ អភិបាលខេត្តកែប តំណាងដ៏ខ្ពង់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត។
លោក អុឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅព្រមទាំងបានកត់សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តកែប ការរៀបចំឱ្យមានអង្គសិក្ខាសាលានាពេលនេះ គឺជាឱកាសដ៏វិសេសមួយក្នុងការស្វែងយល់អំពី “ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រម្ពុជា”។
មានប្រសាសន៍បើកអង្គសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកររង និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានមាន ប្រសាសន៍គូសបញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅបញ្រ្ចាប និងបង្កើនការយល់ដឹងអំពី តួនាទី និងភារកិច្ចសវនកម្ម ដែលអនុវត្តមុខងារនេះដោយអាជ្ញាធរសវនកម្មជាតិជូនដល់ មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការ កាន់តែល្អប្រសើរ។ យន្តការនេះនឹងជួយអាជ្ញាធរសវនកម្មជាតិ អនុវត្តការងារសវនកម្មប្រកបដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ រួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង ការប្រើប្រាស់ថវិកាជាតិ និងការគ្រប់គ្រងធនធានទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
ក្នុងនោះ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាមនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាម “ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” ដោយកំណត់លើ ៣ ចំណុច សំខាន់ៗ រួមមាន៖ ទី១-គោលបំណងនៃការផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ ទី២-ខ្លឹមសារនៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ទី៣-ខ្លឹមសារនៃស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក ឃុំ/សង្កាត់ទាំងអស់ ចំណុះរដ្ឋបាលខេត្តកែប។
គួរំលឹកផងដែរថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ និងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវលើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្ម ព្រមទាំងផ្ញើរបាយការណ៍សវនកម្មជូនស្ថាប័ននីតិប្បញ្ញត្តិ ពោលគឺ រដ្ឋសភា ព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល ហើយរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈ៕ សេង ណារិទ្ធ