ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជូនក្មេងទំនើងជើងខ្លាំងពីរក្រុមប្រចាំតំបន់ មានគ្នា៨នាក់ ទៅតុលាការខេត្តព្រះវិហារ នោះហើយ នៅរសៀលថ្ងៃទី៩កក្កដា២០២៤ បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានសហការរួមគ្នា ចុះស្រាវជ្រាវ និងឃាត់ខ្លួន ក្រោយការធ្វើសកម្មភាពបង្កការអុកឡុក ដោយប្រើប្រាស់ ដាវ កាំបិតផ្គាក់ កាំបិតប៉័ងតោ ដំបង និងចំពាមកៅស៊ូ បង្កជម្លោះទាស់ទែងគ្នា នាវេលាម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់ឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងទាំង ២ក្រុម មានគ្នា៨នាក់នោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានចុះស៊ើបអង្កេត ស្រាវជ្រាវទៅលើក្មេងទំនើង ២ក្រុម ដែលតែងធ្វើសកម្មភាព បង្កជម្លោះដោយប្រើប្រាស់ ដាវ កាំបិតផ្គាក់ កាំបិតប៉័ងតោ ដំបង និងចំពាមកៅស៊ូ ដេញបាញ់ និងដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ នៅក្នុងមូលដ្ឋាន នៃស្រុកជាំក្សាន្តនោះ។
លោកវរសេនីយ៍ឯក គង់ គា បានបន្តថា ក្រោយទទួលបានដំណឹងនេះភ្លាម ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានដាច់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ហើយតម្រូវឱ្យកម្លាំងនគរបាលជំនាញខេត្ត និងស្រុកជាំក្សាន្ត ត្រូវតែសហការរួមគ្នា ចុះបង្ក្រាបក្រុមក្មេងទំនើងទាំង ២ក្រុមនេះ ឱ្យខាងតែបាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយការជឿទុកចិត្ត និងក៏ជាការអនុវត្ត នូវគោលនយោបាយភូមិ ឃុំ-សង្កាត់ សុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ផងដែរ។
លោកវរសេនីយ៍ឯក គង់ គា បានបន្តទៀតថា ក្រោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត នោះរួចមក កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវ ស៊ើបអង្កេតដល់មូលដ្ឋាន ដោយកំណត់បានមុខសញ្ញា និងបានឈានទៅធ្វើការឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង ២ក្រុម មានគ្នា ៨នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត។
លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា ក្រោយពីធ្វើការសាកសួរ ក្រុមក្មេងទាំងនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ ប៉័ងតោ ដាវ ចំពាម និង ដំបង បង្កជម្លោះជាមួយគ្នាពិតប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនក្រុមក្មេងទាំង០៨នាក់ ទៅដកហូតសម្ភារវត្ថុតាងរួមមាន៖ ម៉ូតូ ២គ្រឿង, ដាវ ០១, កាំបិតផ្គាក់ ០២, កាំបិតប៉័ងតោ ០១, ដំបងឈើជ្រុង ០២កំណាត់, ចំពាមកៅស៊ូ ០២ និងទូរស័ព្ទ ០៣គ្រឿង ដើម្បីបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ទៀតថា ក្រោយបញ្ចប់នីតិវិធីសាកសួររួច កម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង ៨នាក់ ទៅកាន់សាលាដំបូងខេត្តព្រះវិហារ នាម៉ោងជាង ២រសៀល ថ្ងៃទី៩កក្កដា២០២៤ នេះ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ