សម្ដេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភអង្ករចំនួន១០តោន​ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ក្នុង​វិស័យ​មនុស្សធម៌​ 

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២៤​  ឯកឧត្តម នាយឧត្តមសេនិយ៍​ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ បាននាំយកនូវអង្ករចំនួន​១០តោន មីជាតិចំនួន៥០០កេស ត្រីខកំប៉ុងចំនួន១០០កេស និងទឹកត្រីទឹកស៊ីអ៉ីវចំនួន៦០០យួរ មកប្រគល់ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  សម្រាប់​បន្ត​សកម្មភាព​ក្នុង​វិស័យ​មនុស្សធម៌​  ដែល​ពិធីនេះ​ប្រព្រឹត្ត​ទៅ​នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ និង​ជាប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ និង​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ លោកតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា។ ជាមួយនេះដែរឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំយ៉ាងសកម្ម ក្នុងការជួយដោះស្រាយការលំបាកខ្វះខាត ជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅតាមបណ្ដាមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ យ៉ាងមមាញឹកដូចភ្លៀងរលឹម និងបានណែនាំឲ្យបន្តសកម្មភាពនេះតទៅទៀត ដើម្បីបានជាប្រយោជន៍ដល់បងប្អូនអតីតយុទ្ធជន​ និង​ប្រជាជន​យើងដែលមានជីវភាពលំបាក​ខ្វះខាត​  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរព និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចជាកាល លោកតែងតែបានជួយឧបត្ថម្ភ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ ជាបន្តបន្ទាប់សម្រាប់ជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាត ជូនបងប្អូនអតីតយុទ្ធជន និងប្រជាជននៅក្នុងខេត្តកំពង់ធំ​ ដែល​មានជីវភាពលំបាកខ្វះខាត​ និង​ បានប្ដេជ្ញាចិត្ត បន្តសកម្មភាពនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគទាំងនេះ ទៅផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត ពិតប្រាកដ នៅតាមមូលដ្ឋាននានា និងសូមគោរពជូនពរសម្ដេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ សូមទទួលបាននូវពុទ្ធពរទាំងប្រាំបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។​

នៅ​ក្នុង​ឱកាស​នេះ​ផងដែរ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ និង​ក្រុមគ្រួសារ​ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ និង​ជាថ្មី​ម្ដង​ទៀត​នូវ​គម្រោង​ស្ថាបនា​ព្រែក​ជីក​ហ្វូ​ណនតេជោ​ ដែល​និង​ត្រូវ​បេីកការដ្ឋានស្ថាបនា​នៅ​ថ្ងៃទី​ ០៥​ ខែ​សីហា​ ឆ្នាំ​២០២៤​ ខាងមុខ​នេះ​ ឲ្យ​ទទួល​បាន​ជោគជ័យ​ ដេីម្បី​ការអភិវឌ្ឍន៍​រីកចម្រើន​រុងរឿង​បន្ថែម​ទៀត​របស់​ប្រទេស​ជាតិ​ និង​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​។ អត្ថបទតំបន់សឹករងកំពង់ធំ។