ខេត្តរតនគិរី៖ កូនត្រីចម្រុះ និងត្រីមេពូជពងកូនច្រើនប្រភេទ ប្រមាណ ៣ម៉ឺនក្បាល ត្រូវបានរដ្ឋបាលខេត្តរតនគិរី សហការជាមួយ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី នាំយកមកព្រលែងនៅក្នុងបឹងធម្មជាតិ (ទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១) នាព្រឹកថ្ងៃទី១០កក្កដា២០២៤ ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ២០២៤។
ពិធីលែងកូនត្រីចម្រុះប្រមាណ ៣ម៉ឺនក្បាលនោះ បានធ្វើឡើងក្រោមអធិបតីភាព លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋដ៏ច្រើនកុះករ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី លោក សយ សូណា បានឱ្យដឹងថា កូនត្រីចម្រុះ និងត្រីមេពូជជាច្រើនប្រភេទទៀត ដែលត្រូវលែងនៅក្នុងបឹងធម្មជាតិ ក្នុងថ្ងៃប្រារព្ធទិវាមច្ឆាជាតិ ១កក្កដា មានដូចជា ៖ ត្រីរ៉ស់ ត្រីក្រាញ់ ត្រីកន្ធរ និងត្រីអណ្តែង ដើម្បីធ្វើឲ្យអាងទឹកនេះសំបូរត្រី ទុកជាតំបន់ទេសចរណ៍ ទាក់ទាញសម្រាប់ការនេសាទត្រីកំសាន្តផង និងបម្រើសេចក្តីត្រូវការហូបចុក របស់ពលរដ្ឋក្នុងតំបន់នេះ ផងដែរ។
លោក សយ សូណា បានបន្តថា ខេត្តរតនគិរី បានបង្កើតសហគមន៍នេសាទចាប់តាំងពីឆ្នាំ២០១១មក មានសហគមន៍នេសាទចំនួន ១៤សហគមន៍ ដែលរស់នៅតាមដងទន្លេសេសាន្ត និងទន្លេស្រែពក គ្រប់គ្រងអន្លង់អភិរក្សត្រីមេពូជចំនួន ៣៤អន្លង់ មានផ្ទៃក្រឡា ៣២៤,៦៤ ហិកតា ។ លោកថា ខណ្ឌរដ្ឋបាលជលផល បានសហការ និងពង្រឹងដល់សហគមន៍ផ្សព្វផ្សាយច្បាប់ ស្តីពី ជលផល ការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល និងការអភិវឌ្ឍន៍វារីវប្បកម្មជាដើម ជាលទ្ធផលសហគមន៍នេសាទ បានចូលរួមទប់ស្កាត់ និងរាយការណ៍ពីជនល្មើសនេសាទត្រីខុសច្បាប់ និងបានប្រគល់ឧបករណ៍ឆក់ត្រី និងស្បៃមុង ហើយជនល្មើសត្រូវបានបញ្ជូនទៅអយ្យការ និងសាលាដំបូងខេត្តរតនគិរី ដើម្បីបន្តចាត់ការតាមនីតិវិធី។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានលើកឡើងថា ការប្រារពទិវាមច្ឆាជាតិនេះឡើង ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ឱ្យចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាព ធនធានជលផល ដែលជាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
លោកអភិបាលខេត្ត បានបន្តថា សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគាំទ្រសកម្មភាព ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផល ប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ ។ លោកបន្តថា សម្តេចធិបតី បានផ្តល់អនុសាសន៍ដល់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើនកិច្ចសហការ យកចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាព បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ ផងដែរ។
លោកអភិបាលខេត្តរតនគិរី ញ៉ែម សំអឿន បានបន្តទៀតថា រាជរដ្ឋាភិបាលបានធ្វើ កំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការកាត់រំសាយចោលនូវឡូត៍នេសាទទឹកសាបទូទាំងប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារ ក្នុងគោលំណង ដើម្បីលើកស្ទួយជីវភាពរស់នៅ និងផ្គត់ផ្គង់ស្បៀង ដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ។
លោក ញ៉ែម សំអឿន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សហគមន៍នេសាទ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអភិរក្សអន្លង់ត្រីមេពូជ នៅតាមសហគមន៍នេសាទ និងស្រះជម្រកត្រីបឹងធម្មជាតិ និងបន្តលែងកូនត្រី ត្រីមេពូជទៅបឹងជម្រកត្រីធម្មជាតិ អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ត្រូវចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍ហាមឃាត់ ពិសេសឧបករណ៍ឆក់ត្រី ស្បៃមុង ជាដើម ។
លោកអភិបាលខេត្តរតនគិរី បានស្នើអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ នៅក្រុងបានលុង ពិសេសសង្កាត់បឹងកន្សែង ត្រូវបន្តផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ហាមមិនឱ្យ នេសាទត្រី និងការប្រមាញ់សត្វព្រៃ ដែលមាននៅបឹងកន្សែង ដែលជាបឹងទេសចរណ៍របស់ខេត្ត ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានជលផល និងទប់ស្កាត់រាយការណ៍ពីជនល្មើស ដែលនេសាទត្រីខុសច្បាប់ ពិសេសក្នុងរដូវបិទនេសាទ ពេលត្រីដែលកំពុងពងកូនពីខែកក្កដា ដល់ខែកញ្ញា ត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទ ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក សហគមន៍នេសាទគ្មានបទល្មើសជលផល ជំរុញវារីវប្បកម្មដល់សហគមន៍នេសាទ និងកសិករ ដែលមានស្រះទឹកអាចចិញ្ចឹមត្រីទាំងប្រាំង និងវស្សា ដើម្បីលើកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទ ដៃគូអភិវឌ្ឍន៍ត្រូវបន្តចូលរួមគាំទ្រ ទាំងបច្ចេកទេស និងថវិកា ដល់សហគមន៍នេសាទ និងវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងថែមទៀត៕ ដោយ៖ឡុង សំបូរ