(កំពង់ធំ)÷ លោក សាយ គឹមឡម បានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោកអភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ក្លោងងទ្វារ និងសមិទ្ធផលនានានៅក្នុងបឋមសិក្សានាងនយ ស្ថិតនៅក្នុងភូមិនាងនយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤។
ជាមួយគ្នានេះលោក សាយ គឹមឡម បានណែនាំដល់មាតាបិតា អាណាព្យាបាលសិស្ស ត្រូវជំរុញនិងលើកទឹកចិត្តកូនចៅ ឱ្យបានបន្តសិក្សាយ៉ាងហោចណាស់ចប់ថ្នាក់ទី១២ហើយ ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីជាការចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍមូលធនមនុស្សស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧នេះ។
ឆ្លៀតក្នុងឱកាសនេះលោកអភិបាលស្រុកស្ទោង បានអំពាវនាវដោយទទូច ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំណារក្រោម ក៏ដូចជាស្រុកស្ទោងទាំងមូល សូមកុំចាញ់បោកមេខ្យល់ និងពួកឆ្លៀតឱកាស ដែលបាន ញុះញង់បំផុសបំផុលក្នុងការ កាត់ឆ្វៀលនិងចេញប្លង់កម្មសិទ្ធិប្លង់រឹងជូនប្រជាពលរដ្ឋដែលផ្ទុយនឹងគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងដីរដ្ឋនិងការពារធនធានធម្មជាតិ ជាពិសេសព្រៃលិចទឹក ដីតំបន់បី ជាជម្រកត្រី និងជីវ:ចម្រុះនៅជុំវិញបឹងទន្លេសាប។
លើសពីនេះទៀតលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់លោកគ្រូ អ្នកគ្រូ លោកនាយក នាយិកា ត្រូវសហការគ្នាមានសាមគ្គីភាពផ្ទៃក្នុង ជាពិសេសមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ អង្គការដៃគូអភិវឌ្ឍនានា ដើម្បីចូលរួមក្នុងការអភិវឌ្ឍសាលារៀនឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
គួរបញ្ជាក់ផងដែរថា សាលាបឋមសក្សានាងនយ មានសិស្សសរុប១៦២នាក់ ស្រី៧៧នាក់ លោកគ្រូអ្នកគ្រូសរុប០៦នាក់ ស្រី០៥នាក់ គណៈអធិបតីបានអញ្ជើញចូលរួមថវិកាបុណ្យផ្កាចំនួន៩១៥,០០០រៀលផងដែ។ អត្ថបទរដ្ឋបាលស្រុកស្ទោង