ខេត្តព្រះវិហារ៖មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តព្រះវិហារ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជូនកម្លាំងឈរជើងការពារតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ឡាវ និងប្រតិបត្តិការបង្រ្កាប បទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសកាប់ទន្រ្ទានព្រៃឈើយកដីរដ្ឋខុសច្បាប់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទិសកំពង់ស្រឡៅ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ។
នៅក្នុងដំណើរចុះទៅកាន់តំបន់ព្រំដែនកម្ពុជា-ឡាវ នោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានដាក់បទបញ្ជា ដល់កងកម្លាំង ក្នុងការចាត់វិធានការ ការពារ ទប់ស្កាត់ មិនឱ្យមានការលួចកាប់ទន្ទ្រានជាថ្មីទៀត បានជាដាច់ខាត ។ ចំពោះដីដែលបានកាប់ទន្ទ្រានរួចកន្លងទៅ ត្រូវចាត់វិធានការតាមនីតិវិធីច្បាប់ ហើយនឹងត្រូវគ្រប់គ្រងឲ្យបានល្អ មិនឱ្យមានការបាត់បង់ទៅវិញជាដាច់ខាត ។
នៅក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏បានប្រគល់អំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងផ្នែកសឹករងឆែប រួមមាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទុកសម្រាប់ដោះស្រាយ នៅក្នុងប្រតិបត្តិការនោះ ផងដែរ៕ដោយ៖ឡុង សំបូរ