កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការ នារសៀលថ្ងៃទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រគល់ផ្ទះ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការជាមួយ សប្បរសជន រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសាលាគណខេត្ត បានសាងសង់ផ្ទះមនុស្សធម៌ ទី២០ ជូនដូនចាស់ជរាគ្មានទីពឹង ឈ្មោះ សែ យ៉េក អាយុ ៧៤ឆ្នាំនិងផ្ទះមនុស្សធម៌ ទី២១ ជូនលោកយាយ អោម ស៊ីផា អាយុ ៦២ឆ្នាំ ដែលគ្រួសារលោកយាយទាំងពីរ រស់នៅ ភូមិទី២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
គួររំលឹកថា លោកយាយ ទាំងពីរ ជាដូនចាស់ជរាទុរគត មានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ គ្មានផ្ទះស្នាក់នៅរស់នៅយ៉ាងកំសត់ ។ តាមការស្នើសុំពី គណៈកម្មាធិការសាខាអនុសាខា ស្រុកកោះសូទិន និងដោយមើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង តម្លៃសរុបប្រមាណ១០លានរៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកោះសូទិន និងសប្បុរសជន ឈ្មោះ ស៊ាង សុភ័ស្ត បានសង់ផ្ទះជូនគ្រួសារលោកយាយទាំង២គ្រួសារ សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនដូនចាស់ជរាទាំងពីរ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិកា ២០០,០០០រៀល ។ ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ២៤នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ២៥ គ.ក , ត្រីខ ១យួរ , មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , ឃីត ១កញ្ចប់ និង អាវយឺត ២អាវ ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ៕