ឪកំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អមដំណើរដោយ ឯកឧត្តម នាយកសាខា លោក ប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ សរុប ១៦ គ្រួសារ រស់នៅក្នុងភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ។
ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដែលពេលនោះ មានខ្យល់កន្ត្រាក់បក់គួចលាយឡំជាមួយភ្លៀង យ៉ាងខ្លាំង ធ្វើអោយផ្ទះ ១៦ខ្នង ក្នុងភូមិរអាងក្រោម ឃុំរអាង ត្រូវរងការខូចខាត របើកសង្កសី និងរបើកក្បឿង ក្នុងនេះ មានផ្ទះ ៧ខ្នង រងការខូចខាត កម្រិតធ្ងន់ ត្រូវខ្យល់កន្ត្រាក់ គួចបំប៉ើងដំបូលធ្លាក់ដល់ដី និង ផ្ទះ ៩ខ្នងទៀត រងការខូចខាតកម្រិតស្រាល ប៉ុន្តែ មិនបានប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋទេ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ជាមួយនោះ ត្រូវ ខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល ផ្ទះស្នាក់នៅឡើងវិញ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ៖
១- ពលរដ្ឋរងគ្រោះ កម្រិតធ្ងន់ទាំង ៧គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន តង់ ២ និង ថវិកា ៤០០,០០០ រៀល ។
២- ពលរដ្ឋរងផលប៉ះពាល់កម្រិតស្រាល ៩គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល ។
ដោយឡែក អនុសាខាស្រុក ឧបត្ថម្ភបន្ថែមជនរងគ្រោះទាំង ១៦គ្រួសារ ដោយ ក្នុង ១ គ្រួសារ ទទួលបាន ថវិកា ៤០,០០០រៀល ផងដែរ ៕