វរសេនីយ៍ឯក សោម សុភាវុធ ដឹកនាំកម្លាំងចម្រុះអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងរដូវបិទនេសាទ នៅពេលដែលត្រីពងកូន

0

(កំពង់ធំ)÷ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអនុជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ព្រមទាំងសហការីរួមមាន ខណ្ឌ ផ្នែកសង្កាត់ជលផល កម្លាំងតំបន់សឹង កងរាជអាវុធហត្ថ បរិស្ថាន និងសហការជាមួយកងទ័ពជើងទឹកវាយលើគោក បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច  ចាប់ពីមុខព្រែកទាល់ដល់ព្រំប្រទល់ខេត្ត(កំពង់ធំ កំពង់ឆ្នាំង និងពោធិ៍សាត់) ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ  ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

វរសេនីយ៍ឯក សោម សុភាវុធ ដឹកនាំកម្លាំងចម្រុះបានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ទទួលបានលទ្ធផល គឺបង្ករសំណុំរឿងចំនួន១ ករណី ធ្វើនេសាទដោយឧបករណ៍ហាមឃាត់ បានចុះរុះរើកាប់បំផ្លាញចោលឧបកណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន÷ ១.របាំងស្បៃមុងចំនួន៣៥របាំង ប្រវែង២៤៥០ម៉ែត្រ
ឡុកចំនួន៧០គ្រឿង លបឬលូចំនួន៧០មាត់ បង្គោងចំនួន ១៤០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់៣០គីឡូក្រាមចូលទន្លេវិញ។ ២-របាំងសាច់អួនចំនួន១របាំង ប្រវែង៣០០ ម៉ែត្រ ឡុកសាច់អួនចំនួន២គ្រឿង លប ឬលូសាច់អួនចំនួន ២មាត់ បង្គោលចំនួន១០០ដើម ចាក់លែងត្រីស្រស់ចម្រុះ ទម្ងន់៥គីឡូក្រាម ចូលទន្លេវិញ ។

គួរបញ្ជាក់ផងដែរថា កម្លាំងចម្រុះបានធ្វើការផ្សព្វផ្សាយប្រជានេសាទ ក្នុងរដូវបិទនេសាទ ដែលត្រូវច្បាប់ស្តីពីជលផលហាមឃាត់ការនេសាទគ្រប់ប្រភេទ។ ក្នុងនោះការប្រើប្រាស់កម្លាំងសរុបចំនួន២៣នាក់ ប្រើប្រាស់ មធ្យោបាយដោយការណូតចំនួន០៧គ្រឿង  អស់ប្រេងចំនួន៧៥លីត្រ។ អត្ថបទតំបន់សឹករងកំពង់ធំ