អភិបាលខេត្តកែប ណែនាំជំនាញពាក់ព័ន្ធត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ក្នុងការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូលើវិស័យសុខាភិបាល

0

ខេត្តកែប៖ ក្នុងដំណើរចុះសួរសុខទុក្ខ មន្ត្រីបុគ្គលិកមណ្ឌលសុខភាពអង្កោល ឯកឧត្ដម​បណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប បានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសប្រធានអង្គភាពសាមុី ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ ដើម្បីចូលរួមប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូនាពេលខាងមុខ ដើម្បីឈានទៅទទួលបានជ័យលាភីពីថ្នាក់ដឹកនាំ។

ឯកឧត្តមបណ្ឌិត​ សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ ថា កន្លងទៅខេត្តកែបធ្លាប់ទទួលបាននូវជ័យលាភីជាបន្តបន្ទាប់ក្នុងការប្រឡងប្រណាំងផ្សេងៗទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ លើវិស័យសំខាន់ៗជាពិសេសវិស័យទេសចរណ៍ ក្នុងនោះចំពោះការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ កាលពីពេលកន្លងទៅសម្រាប់វិស័យសុខាភិបាល ខេត្តកែបក៏ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៥រួចហើយដែរ តែដើម្បីឈានទៅដណ្តើមយកចំណាត់ថ្នាក់អោយកាន់តែល្អថែមទៀតនោះ ប្រធានមន្ទីរសុខាភិបាល ដែលជាអង្គភាពសាមុី ត្រូវត្រៀមលក្ខណៈអោយបានរៀបរយ ក្នុងការឈានទៅសម្រេចអោយបាននូវលទ្ធផលល្អ លើវិស័យសុខាភិបាលនេះ។

ក្នុងដំណើរចុះទៅពិនិត្យការត្រៀមលក្ខណៈសម្បត្តិ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពអង្កោល ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវបញ្ជ្រាប និងជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ ឱ្យមានការយល់ដឹងបន្ថែមទៀត ដើម្បីអោយពួកគាត់មកទទួលការប្រើប្រាស់សេវាសុខភាពនៅតាមមណ្ឌលសុខភាពនៅទូទាំងខេត្តកែប។

លោកឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល​ នៃរដ្ឋបាលខេត្តកែប បានអោយដឹងដែរថា យើងដាក់មន្ទីរពេទ្យខេត្តកែប ជាបេក្ខភាពក្នុងការប្រឡងប្រណាំង ជាអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤។ ដោយឡែកយើងក៏បានត្រៀមលក្ខណៈ ដាក់មណ្ឌលសុខភាពចំនួន២ គឺមណ្ឌលសុខភាពអង្កោល ស្ថិតនៅស្រុកដំណាក់ចង្អើរ និងមណ្ឌលសុខភាពព្រៃធំ ស្ថិតនៅក្រុងកែប ខេត្តកែប សម្រាប់ការប្រឡងប្រណាំងនាឆ្នាំបន្ទាប់។

សូមបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ធ្វើឡើងក្នុងវិស័យចំនួន២គឺ វិស័យអប់រំ និង វិស័យសុខាភិបាល ដែលនេះគឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈអោយកាន់តែល្អជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្តល់ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកាផងដែរ៕ សេង ណារិទ្ធ