រដូវនេសាទគី ពលរដ្ឋក្នុងភូមិអង្កោល កំពុងមមាញឹកប្រមូលយកមកធ្វើកាពិ តាមបែបប្រពៃណី ខណ:តម្លៃនិងទីផ្សារកាន់តែល្អ

0

ខេត្តកែប: ពលរដ្ឋរស់នៅក្នុងភូមិអង្កោល នៃទឹកដីខេត្តកែបបានប្រាប់ឲ្យដឹងថា ពួកគាត់កំពុងមមាញឹកប្រមូលផលគី ដើម្បីយកមកធ្វើកាពិតាមបែបប្រពៃណី។ ការធ្វើកាពិជាមុខរបរសំខាន់មួយរបស់ប្រជានេសាទសមុទ្រតាំងពីដើមមក ព្រោះកាពិជាគ្រឿងផ្សំសំខាន់សម្រាប់បន្ថែមឱជារសទៅលើមុខម្ហូបអា ហារ ជាពិសេស បុកល្ហុង និងសម្រាប់ទទួលទានជាមួយម្ជូរ តែម្តង។ ក្នុងកាពិមួយគីឡូ គេអាចលក់បានក្នុងតម្លៃ ១២.០០០រៀល ទៅ ២០.០០០រៀល រីឯគីស្រស់សម្រាប់យកមកធ្វើកាពិលក់បាន ៣.៥០០រៀល ទៅ ៥.០០០រៀល។

អ្នកស្រី មាស មុន និងអ្នកភូមិដទៃទៀត រស់នៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានប្រាប់ឲ្យដឹងថា ជាង ១សប្តាហ៍ហើយ ពួកគាត់អាចប្រមូលផលគីបានដើម្បីយកមកធ្វើកាពិ។ អ្នកស្រីបញ្ជាក់ថា គីជាប្រភេទសត្វសមុទ្រម្យ៉ាងមានសណ្តានស្រដៀងកូនកំពិសទឹកសាប តែមិនមែនជាកូនបង្គាទេ។ ពលរដ្ឋខេត្តកែបប្រើឧបករណ៍ឈិបរុញ ដើម្បីចូកយកសត្វគីនៅតាមតំបន់ឆ្នេរទឹករាក់ ដោយក្នុងមួយថ្ងៃ គេអាចរកគីបានចន្លោះ ២០ ទៅ៣០គីឡូ។ ពលរដ្ឋខាងលើនេះថា គីត្រូវបានគេយកទៅធ្វើកាពិ ហើយខ្លះក៏យកធ្វើជាចំណីសត្វផងដែរ។ ប៉ុន្តែសម្រាប់អ្នកភូមិអង្កោលប្រមូលផលគី ដើម្បីយកធ្វើកាពិទាំងអស់។

អ្នកស្រីបានបញ្ជាក់ទៀតថា កាពិងាយស្រួលធ្វើ ដោយគ្រាន់តែរើស និងលាងគីឲ្យស្អាត យកទៅហាលថ្ងៃឲ្យស្ងួត រួចយកមកបុកលាយអំបិល និងស្ករត្នោត ឲ្យហ្មត់ជាការស្រេច។ កាពិជាគ្រឿងផ្សំមិនអាចខ្វះបានសម្រាប់ពលរដ្ឋនៅខេត្តជាប់មាត់សមុទ្រ គេអាចយកកាពិច្នៃជាមុខម្ហូប និងជាគ្រឿងផ្សំ ដូចជា កាពិផាវ ទឹកជ្រលក់ បុកល្ហុង បុកក្តាមប្រៃ បុកមី ជាដើម។ល។ ការធ្វើកាពិ ចេះតពីដូនតាមក ហើយបច្ចុប្បន្ននៅតែបន្តធ្វើកាពិធម្មជាតិតាមបែបប្រពៃណីដដែល ដោយក្នុង១រដូវ គ្រួសារខ្លះអាចធ្វើកាពិបាន ២ទៅ៣តោន សម្រាប់លក់ទៅឲ្យឈ្មួញ ក្នុងតម្លៃចន្លោះ ១២.០០០ ទៅ ២០.០០០រៀលក្នុងគីឡូក្រាម។

នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប លោក ភឺន ផល្លា បានប្រាប់ឲ្យដឹងថា ជាទូទៅគេមិនអាចនេសាទគីបានរាល់ថ្ងៃនោះទេ រដូវប្រមូលផលគី មានតែបីទៅបួនខែប៉ុណ្ណោះក្នុងមួយឆ្នាំ គឺចាប់ពីចុងខែមិថុនា ដល់ខែកញ្ញា។ ហើយចំពោះការធ្វើកាពិរបស់ពលរដ្ឋខេត្តកែបគឺមានគុណភាព និងអនាម័យល្អជាងមុន តែនៅត្រូវការបណ្តុះបណ្តាលបន្ថែមពីអ្នកជំនាញ។

យ៉ាងណាលោកជំរុញឲ្យពលរដ្ឋ ត្រូវទទួលការបណ្តុះបណ្តាលបន្ថែមពីមន្រ្តីជំនាញ ពីការពង្រឹងអនាម័យក្នុងការផលិត និងរបៀបវេចខ្ចប់ជាដើម ដើម្បីអាចយកផលិតផលប្រចាំតំបន់មួយនេះវាយលុកលើទីផ្សារបាន។

ខេត្តកែប មានសហគមន៍នេសាទចំនួន៥ និងមានតំបន់អភិរក្សសមុទ្រនៅតំបន់ប្រជុំកោះផងដែរ ធ្វើឲ្យផលនេសាទខេត្តកែបមានការកើនឡើងបន្តិចបន្តួចរាល់ឆ្នាំ។ ជាក់ស្តែងសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ខេត្តអាចប្រមូលផលនេសាទបាន ២.៧០០តោន ដោយមិនបានរាប់បញ្ចូល ចំនួនផលនេសាទគីនៅឡើយទេ៕ សេង ណារិទ្ធ