អនុវិទ្យាល័យព្រៃព្រាល បានរៀបចំផែនការទស្សនៈកិច្ចសិក្សា ដឹកនាំនាយកសាលា គ្រូបង្រៀន និងសិស្សានុសិស្ស១៦នាក់ ទៅធ្វើទស្សនៈកិច្ចសិក្សានៅ អនុវិទ្យាល័យដូង ស្រុកប្រាសាទបល្ល័ង្ក

0

(កំពង់ធំ)÷ លោកស្រី ឡាយ សុថាវន្ត អនុប្រធានការិយាល័យយុវជនខេត្តកំពង់ធំ លោក ម៉ាក់ សាន់នី នាយកអនុវិទ្យាល័យព្រៃព្រាល លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំនួន១៦នាក់ បានអញ្ជើញទៅទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ការរៀននិងបង្រៀន ការងារក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជា រវាងអនុវិទ្យាល័យព្រៃព្រាល និងអនុវិទ្យាល័យដូងស្ថិតនៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

លោក ម៉ាក់ សាន់នី នាយកអនុវិទ្យាល័យព្រៃព្រាល បានបង្ហាញពីគោលបំណងគឺ លើកកម្ពស់អនុវត្តផែនការសកម្មភាពសាលារៀនគម្រូ។ ស្វែងយល់ពីការគ្រប់គ្រង ដឹកនាំរបស់អង្គភាព អនុវិទ្យាល័យដួង ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ។ ស្វែងយល់ពីការសកម្មភាពការបង្រៀន និងរៀន តួនាទីរបស់ប្រធានក្រុមបច្ចេកទេស។ ស្វែងយល់ពីសកម្មភាព និងតួនាទីរបស់ក្រុមប្រឹក្សាកុមារ ពង្រីកទំនាក់ទំនង រវាងសាលា និងសាលា និងលើកកម្ពស់ស្មារតីការងាររបស់លោកគ្រូអ្នកគ្រូ។

លោកនាយកអនុវិទ្យាល័យព្រៃព្រាល បានបញ្ជាក់បន្ថែមទៀតថា ដោយអនុវត្តទៅតាមផែនការសកម្មភាពសាលារៀនគម្រូ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា អនុវិទ្យាល័យព្រៃព្រាល បានគ្រោងរៀបចំផែនការទស្សនៈកិច្ចសិក្សា ដោយដឹកនាំគ្រូបង្រៀន ប្រធានក្រុមបច្ចេកទេស និងក្រុមប្រឹក្សា កុមារចំនួន២៦នាក់ ទៅធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ពីការគ្រប់គ្រងដឹកនាំសាលារៀន ការបង្រៀននិងរៀន សកម្មភាព ក្រុមប្រឹក្សាកុមារ របស់អនុវិទ្យាល័យដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំដើម្បីទទួលបទពិសោធន៍ល្អៗ ឱ្យសិស្សានុសិស្សយកមកអនុវត្តនៅមូលដ្ឋានរបស់ខ្លួន។

លោក លឹម កៃហ៉ឺ នាយកអនុវិទ្យាល័យដូង បានលើកឡើងថា ដោយមានកិច្ចសហការរវាង លោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស មកទស្សនកិច្ចសិក្សា ដើម្បីយកបទពិសោធន៍ពីអនុវិទ្យាល័យដូង បានធ្វើការបង្ហាញវិធីសាស្ត្របង្រៀននិងរៀន នូវមុខវិជ្ជាភាសាខ្មែរ វិធីសាស្ត្រធ្វើឱ្យសិស្សានុសិស្សចូលចិត្តអាន សម្រេចគោលដៅសូចនាករស្តង់ដាសាលាគម្រូ។ ចំពោះបរិស្ថានវិញបានរៀបចំបានស្អាត គ្មានសំរាមមានសណ្ដាប់ធ្នាប់ល្អ មានខ្យល់បរិសុទ្ធ ដើម្បីទាក់ទាញសិស្សឱ្យមកសិក្សារៀនសូត្របានគ្រប់ៗគ្នា ក្នុងការកាត់បន្ថយអត្រាត្រួតថ្នាក់ និងអត្រាបោះបង់ របស់សិស្សានុសិស្ស។

គួរបញ្ជាក់ផងដែរថា អនុវិទ្យាល័យដូងមានលោកគ្រូអ្នកគ្រូចំនួន១០នាក់ ស្រី០៥នាក់ សិស្សសរុបចំនួន២៤០នាក់ មានថ្នាក់រៀនចំនួន០៤ថ្នាក់ អាគារសិក្សាមានចំនួន១ខ្នង មានចំនួន០៥បន្ទប់ និងចូលរួមដាំកូនឈើចំនួន០៥ដើមផងដែរ។។ អត្ថបទលោក ធូ កែវមុន្នី