(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំសហការីនាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន២វត្តគឺ វត្តស្រែវាលខាងកើត និងវត្តស្រែវាលខាងលិច ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក គង់ ឈុំ ក្រុមប្រឹក្សាឃុំដងកាំបិត ស្រុកសណ្តាន់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត និងសហការី ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាត ជាបន្តបន្ទាប់ ពិសេសនៅពេលកន្លងទៅនេះ បានចូលរួមសម្ពោធសមិទ្ធផលនានា នៅវត្តស្រែវាលខាងកេីត ព្រមទាំងបានផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ និងចូលរួមជួយការកសាងសមិទ្ធផលផ្សេងៗនៅក្នុងទីអារាមវត្តស្រែវាលខាងកេីតនេះ ផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងព្រះតេជគុណ ជុំ ម៉ុត ព្រះចៅអធិការវត្តស្រែវាលខាងកើត និងព្រះចៅអធិការវត្តស្រែវាលខាងលិច ដែលព្រះអង្គបានខិតខំដឹកនាំការកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើនគួរជាទីមោទនៈ ហើយបានគង់ចាំព្រះវស្សាសម្រាប់ជាស្រែបុណ្យរបស់ប្រជាពលរដ្ឋ និងពុទ្ធសាសនិកជនគ្រប់រូប គោរពបូជា ហើយអ្វីៗដែលយើងមានគ្រប់យ៉ាងនៅពេលនេះ គឺកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព និងមានការឯកភាពជាតិ ពេញលេញ ។
នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ និងសហការី បាននាំយកនូវទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យ មកប្រគេនព្រះសង្ឃចំនួន២វត្ត ដោយក្នុង១វត្ត ទទួលបាន ៖ ទៀនវស្សាចំនួន១គូរ អង្ករចំនួន១០០គីឡូក្រាម មីចំនួន៥កេស ទឹកផ្លែឈើចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន៦យួរ ទឹកបរិសុទ្ធចំនួន២កេស តែចំនួន១គីឡូក្រាម ស្ករសចំនួន៥គីឡូក្រាម និងបច្ច័យមួយចំនួន សម្រាប់ប្រគេនព្រះសង្ឃតាមអង្គនីមួយៗ និងសម្រាប់ជួយផ្គត់ផ្គង់ដល់ចង្ហាន់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តនេះផងដែរ។
ព្រះតេជគុណ ជុំ ម៉ុត ព្រះចៅអធិការវត្តស្រែវាលខាងកើត និងតំណាងឲ្យព្រះចៅអធិការវត្តស្រែវាលខាងលិច បានសូមជូនពរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ