ឧត្តមសេនីយ៍ សោម ស៊ុន សំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ប្រេងឥន្ទនះ​ កៅស៊ូតង់ និងថវិកាមួយចំនួន អំណោយ​របស់​សម្តេច​ធិបតី​ហ៊ុន​ ម៉ាណែត​ ជូនកងកម្លាំងចម្រុះ បំពេញភារកិច្ចការពារទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនព្រៃជម្រកសត្វបឹងពែរ

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ជូនដល់កងកម្លាំងចម្រុះ ដោយកំពុងបំពេញបេសកកម្ម ការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ទន្លេជ្រៃ ក្នុងដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងឃុំសង្គ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី ស្ថាប័នជំនាញពាក់ព័ន្ធ នៃមន្ទីរបរិស្ថានខេត្ត ដែលបានខិតខំប្រឹងប្រែងសហការ ក្នុងការអនុវត្តភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលជាង ២ខែកន្លងទៅនេះ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ដោយគ្មានការកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិជាថ្មី និងគ្រប់គ្រងបានដីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃបឹងពែរ ដែលបានកាប់ទន្ទ្រានរួច មិនឲ្យមានការដាំដុះជាថ្មី ដើម្បីរក្សាទុកជាដីព្រៃរបស់រដ្ឋ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ គ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តកំពង់ធំ បានប្រគល់ភារកិច្ចមួយចំនួន ជូនដល់កងកម្លាំងចម្រុះ ដោយ​ត្រូវបន្តកិច្ចសហប្រតិបត្តិការធ្វេី​សកម្មភាព​ឲ្យដូចភ្លៀងរលឹម ដើម្បីការពារទប់ស្កាត់ឲ្យខាងតែបាន ដោយមិនឱ្យមានការកាប់ទន្ទ្រានជាថ្មីទៀត បានជាដាច់ខាត។ ចំពោះផ្ទៃដីដែលបានកាប់ទន្រ្ទានរួច ត្រូវគ្រប់គ្រងឲ្យបានម៉ត់ចត់ និងត្រូវស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដើម្បីមកទទួលខុសត្រូវ និងការកសាងសំណុំបែបបទ បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន   បានប្រគល់ជូនបន្ថែមទៀតនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាម​រយៈ​ឯកឧត្តម​នាយ​ ឧត្ដមសេនីយ៍​ម៉ៅ​ សុផាន់​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​  នូវគ្រឿងឧបភោគ បរិភោគ ប្រេងឥន្ធនៈ ភេសជ្ជៈ កៅស៊ូតង់ សម្រាប់ប្រក់ដំបូលជម្រកស្នាក់នៅបណ្ដោះអាសន្ន និងថវិកាមួយចំនួនផងដែរ ដើម្បីកងកម្លាំងចម្រុះចាត់ចែងក្នុងការប្រើប្រាស់ សម្រាប់ជួសជុលមធ្យោបាយធ្វើដំណើរ និងដោះស្រាយជីវភាពប្រចាំថ្ងៃ  ក្នុងពេលបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុង​ការពារ​ទប់ស្កាត់​ និង​បង្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅពេលនេះ។ អត្ថបទតំបន់សឹករងកំពង់ធំ