ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងចម្រុះ ត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិនៅតំបន់ទន្លេជ្រៃ ព្រៃជម្រកសត្វបឹងពែរ

0

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងចម្រុះ ទៅត្រួតពិនិត្យការកាប់បំផ្លាញព្រៃឈើធនធានធម្មជាតិរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ នៅតំបន់ទន្លេជ្រៃ ក្នុងដែនព្រៃជម្រកសត្វបឹងពែរ ស្ថិតនៅក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក  ខេត្តកំពង់ធំ ។

     លោក អ៊ី វិចអុល មន្ត្រីបរិស្ថានខេត្តកំពង់ធំ ដែលប្រចាំការនៅតំបន់ទន្លេជ្រៃ ក្នុងដែនព្រៃជម្រកសត្វបឹងពែរ បានគូសបញ្ជាក់ថា ផ្ទៃដីដែលបានកាប់ទន្ទ្រានក្នុងដែនជម្រកសត្វព្រៃបឹងពែរ នៅតំបន់ក្បាលទន្សាយ និងតំបន់ទន្លេជ្រៃ ក្នុងភូមិសាស្ត្រឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាពេលកន្លងទៅមានជាច្រេីនហិកតា​ ដោយក្រុមជនល្មើសមួយចំនួនលួចកាប់ទន្ទ្រាននៅក្នុងតំបន់ជ្រៅ ឬពេលខ្លះនៅពេលយប់ ដោយមន្ត្រីបរិស្ថានមានគ្នាតិចលំបាកក្នុងការឃ្លាំមើល និងទប់ស្កាត់ ពិសេសក្នុងរដូវប្រាំងមុនពេលដែលកងកម្លាំងចម្រុះចេញប្រតិបត្តិការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានមកដល់​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះ ពិសេសមន្ត្រីស្ថាប័នបរិស្ថាន ត្រូវសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដី ដើម្បីស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដែលបានកាត់ទន្ទ្រានធនធានធម្មជាតិនៅក្នុងដែនជម្រើសត្វព្រៃបឹងពែរនាពេលកន្លងទៅនេះ ឲ្យមកទទួលខុសត្រូវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។ ជាមួយនោះត្រូវគ្រប់គ្រងដី ដែលបានរកឃើញដោយការកាប់ទន្ទ្រានដោយខុសច្បាប់នាពេលកន្លងទៅ  ឲ្យបានម៉ត់ចត់   ដើម្បីមានផែនការដាំព្រៃឈើឡើងវិញ ទុកជាសម្បត្តិធនធានធម្មជាតិ របស់ជាតិយើង។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ គ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តទៅទៀត ឲ្យដូចភ្លៀងរលឹម ដោយមិនមានការដកថយឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ