(កំពង់ធំ)៖ នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដីតំបន់បី នៅក្នុងស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ហាមដាច់ខាតចំពោះជនខិលខូចណា ដែលមករុករានទន្ទ្រានរំលោភយកដីរដ្ឋនៅតំបន់៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងអំពាវនាវប្រជាពលរដ្ឋ ត្រូវហ៊ានរាយការណ៍ ចំពោះជនណាមកទន្ទ្រានដីតំបន់៣ ដែលបានកាត់ឆ្វៀលរួច។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ឯកឧត្តម នួន ផារ័ត្ន បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បន្តចុះរឹតបណ្តឹងទប់ស្កាត់ ការចូលទៅអាស្រ័យផលដីតំបន់៣ ក្រៅពីដីតំបន់ឆ្វៀល ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តកំពង់ធំបានចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួន ដល់កងកម្លាំងដែលប្រចាំនៅគណៈបញ្ជាការស្រាលផងដែរ។សូមបញ្ជាក់ផងដែរថាៈ ប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដីតំបន់បីនេះ ស្ថិតនៅតំបន់ (បត់ត្រង់) នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយសារតែបច្ចុប្បន្ននេះ ជនខិលខូចកំពុងតែរំលោភបំពានយកដីធ្វើស្រែប្រាំង។ អត្ថបទ ធូ កែវមុន្នី