(កំពង់ធំ)÷ តាមការចង្អុរបង្ហាញ របស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ រួមទាំងសប្បុរជន បានសាងសង់ផ្ទះ០១ខ្នង និងប្រគល់ ជូនប្រជាពលរដ្ឋដែលមានជីវភាព ជនទីទាល់ក្រលំបាក នៅខេត្តឧត្តរមានជ័យ។
រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត រួមទាំងសប្បុរសជន ប្រគល់ផ្ទះថ្មី ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ស្ថិតក្នុងភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ផ្ទះដែលទើបសាងសង់រួចរាល់នាពេលថ្មីៗ នេះ មានទំហំ ៤.២ ម៉ែត្រ × ១០ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងឥដ្ឋ និងក្រាលការ៉ូ ជូនលោក ផៅ ផាត អាយុ៤៧ឆ្នាំ មុខរបរកម្មករ និងភរិយាឈ្មោះ ឡោ ស៊ីន អាយុ៤៨ ឆ្នាំ មុខរបរកម្មករ មានកូនក្នុងបន្ទុកចំនួន០៨នាក់ផងដែរ។ រយៈពេលកន្លងមក គ្រួសារខាងលើនេះ ស្នាក់នៅក្នុងផ្ទះទ្រុឌទ្រោម ប្រក់បាំងស័ង្កសី ចាស់ៗ ធ្លុះធ្លាយ មានជីវភាពទីទ័កក្រលំបាក ខ្វះមុខ ខ្វះក្រោយ ពុំមានលទ្ធភាព សាងសង់ផ្ទះ រស់នៅបានសមរម្យឡើយ ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត មានប្រសាសន៍ សំណេះសំណាលផ្ដាំផ្ញើ÷ ១.ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់។ ២.បង្ករបង្កើនផល ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះស្រាយជីវភាពឲ្យកាន់តែប្រសើរឡើង។ ៣.ការធ្វើអនាម័យជាប្រចាំ
អ្នកស្រី ឡោ ស៊ីម មានក្ដីសោមនស្សរីករាយ សប្បាយចិត្តយ៉ាងក្រៃលែង រកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារមានថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ឧបត្ថម្ភ សម្ភារ: គ្រឿងឧបភោគបរិភោគ ថវិកា និងសាងសង់គេហដ្ឋានជូនគ្រួសារគាត់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកស្នងការ សប្បុរសជន ប្រតិភូអមដំណើរ សមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថា លោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំបានឧបត្ថម្ភ÷ គ្រួសារលោក ផៅ ផាត ទទួលបានថវិកាចំនួន ៦០០,០០០រៀល សម្ភារប្រើប្រាស់ គ្រឿងទេស ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ ជាច្រើនទៀត។ ដោយឡែកលោកមេភូមិ ទទួលបានថវិកា ២០០,០០០រៀល និងប្រជាពលរដ្ឋ៥០នាក់ ក្នុង១នាក់ទទួលបានថវិកា ៦០,០០០រៀលផងដែរ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ