បន្ទាយមានជ័យ៖ មានជនជាតិថៃ ចំនួន៥នាក់ជាមិត្តនិងគ្នា ផ្តើមពីជម្លោះពាក្យសម្តីសោះ ជនសង្ស័យ៣នាក់បានវាយគេបែកក្បាល អាវុធហត្ថក្រុងប៉ោយប៉ែតចុះឃាត់ខ្លួនបាន៣នាក់ ឆែកក្នុងបន្ទប់ រកឃើញមានអាវុធខ្លី៤ដើម កាំបិតសាំម៉ូរ៉ៃ១ និងគ្រឿងញៀនមួយចំនួនធំ។
លោក វរសេនីយ៍ ត្រី នួននីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ មានបុរសជនជាតិថៃ២នាក់ ១.ឈ្មោះ ផុងភីផាក់ ឆៃឆាត ប្រុស អាយុ២២ឆ្នាំ ទី២.ឈ្មោះ បូរមី អាក់សនផុមរាថ អាយុ២៧ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្តឹងជនជាតិថៃដូចគ្នា ចំនួន៣នាក់ជាមិត្តនិងគ្នា ផ្តើមពីពាក្យជម្លោះសោះបានធ្វើសកម្មភាពវ៉ៃទៅលើ ខ្លួន១ម្នាក់ បណ្តាលឲ្យបែកក្បាល និងយកលុយចំនួន៨.០០០បាត និងសៀវភៅឆ្លងដែន១ច្បាប់ ទូរស័ព្ទអាហ្វូន១៣ប្រូមេក១គ្រឿង នៅចំណុចអគារ១២ជាន់ដី ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីទទួលបានព័ត៍មានហើយ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកងរាជអាវុធក្រុង ចុះធ្វើការស្រាវជ្រាវ និងបង្ក្រាប បានជនសង្ស័យទាំង៣នាក់ ទី១.ឈ្មោះ សាយឈុនវង់អានុប្រុសអាយុ៣៤ឆ្នាំ ទី២.ឈ្មោះ ស៊ុរ៉ាស៊ីត តាំងបូវ៉ូកិត ប្រុសអាយុ២៩ឆ្នាំ និងទី៣.ឈ្មោះ វ៉ងសាក់ថន អាក់ដុនផាន់ឆាក់ឡាផុន ប្រុស អាយុ៣០ឆ្នាំ ជនសង្ស័យទាំងបីនាក់ខាងលើស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ខេត្តបន្ទាយមានជ័យ កំលាំងអាវុធហត្ថបានធ្វើការដកហូតវត្ថុតាងរួមមានអាវុធខ្លី៤ដើម ១ម៉ាមឡុក អឹមខេ ២ម៉ាកRELOចំនួន២ដើម ៣ម៉ាកM១៩១១ចំនួន១ដើមកាំបិតសាំម៉ូរ៉ៃ១ដើមកូនកាំបិតស្រួច១ កាំបិតច្នៃរាងប៊ិច១ដើម ដំបងឈើច្នៃ១ គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា និងគ្រាប់ ចំនួន១២ថង់តូចមាន៤ប្រភេទ គ្រឿងញៀនប្រភេទពណ៍ក្រហមរូបសេះ ១កញ្ចប់និងសម្ភារៈមួយចំនួនទៀតបង្ក្រាបបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអគារ១២ជាន់ដី ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនសង្ស័យជនជាតិថៃ៣នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធខេត្តដើម្បីចាត់ការបន្ត។
ក្រោយពីឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃទាំង៣នាក់ និងវត្ថុតាងមួយចំនួន ត្រូវបាននាំយកមកសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនោះជាប់ពាក់ព័ន្ធ៤ករណី១.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ទី២.លួចមានស្ថានទម្ងន់ទោស, ទី៣.កាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ឬដោយខុសច្បាប់, និងទី៤.រក្សាទុកគ្រឿងញៀនល្មើសច្បាប់។
ដោយបានការអនុញ្ញាត្តិពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជនសង្ស័យជាជនជាតិថៃ៣នាក់ត្រូវបានកំលាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៤នេះ ដើម្បីបន្តនីតិវិធីច្បាប់៕ដោយ៖ឃិន គន្ធា