(កំកំពង់ធំ)÷ នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បាទប្រគល់វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ ក្នុងតំបន់វិនិច្ឆ័យភូមិក្របៅ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
នៅក្នុងពិធីប្រគល់វិញ្ញាបនប័ត្រសម្គាល់អចលវត្ថុ លោកឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានណែនាំប្រជាពលរដ្ឋត្រូវធ្វើយ៉ាងណារក្សាវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ ឬហៅថាប្លង់រឹងឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព តាមការណែនាំរបស់មន្ត្រីជំនាញ ចៀសវាងទុកដាក់មិនបានត្រឹមត្រូវធ្វើឱ្យខូចខាត ឬបាត់បង់ដោយប្រការណាមួយ។
លោកអភិបាលស្រុកបានបន្ថែមទៀតថា ពេលទទួលបានប្លង់រឹងហើយ បងប្អូនអាចប្រើប្រាស់ក្នុងគោលបំណងចាំបាច់ណាមួយដោយប្រុងប្រយ័ត្ន។ ជាក់ស្ដែងបងប្អូនត្រូវតែមានសាមគ្គីភាពផ្ទៃក្នុងល្អ មុននឹងធ្វើអ្វីមួយ ត្រូវផ្លាស់ប្ដូរយោបល់គ្នានៅក្នុងគ្រួសារ មិនត្រូវប្រើសិទ្ធិអំណាចជាមេគ្រួសារ ឬប្រើប្រាស់សិទ្ធិក្នុងនាមជាម្ចាស់ទ្រព្យមរតករបស់ខ្លួនដែលបង្កជាជម្លោះនៅក្នុងគ្រួសារនោះឡើយ។
នៅក្នុងឱកាសនោះដែរលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានថ្លៃងអំណរគុណចំពោះក្រុមការងារមន្ត្រីដែនដី នគររូបនីយកម្ម និងសំណង់ ដែលបានខិតខំប្រឹងប្រែងចុះវាស់វែងដីនៅក្នុងតំបន់វិនិច្ឆ័យ ស្ថិតនៅភូមិត្របៅនេះរហូតទទួលបានជោគជ័យ សម្រេចបានលទ្ធផលល្អនៅពេលនេះ។
សូមបញ្ជាក់ផងដែរថា វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុចំនួន៦៨០ប័ណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន៦០២ គ្រួសារ ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យដីភូមិក្របៅ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ