អភិបាលខេត្តស្ទឹងត្រែង ដាក់បទបញ្ជាដល់ប្រធានគណៈបញ្ជាការឯកភាពក្រុង-ស្រុក ខិតខំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ត្រូវបន្តទប់ស្កាត់ បង្ក្រាបបទល្មើសក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសគ្រឿងញៀន អោយបានម៉ឺងម៉ាត់បំផុត !

0

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ដាស់តឿនរបស់ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ក្រោយការប្រកាសចូលកាន់មុខតំណែងជា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ៤ថ្ងៃ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ជាលើកដំបូង នាព្រឹកថ្ងៃទី១៥កក្កដា២២០៤ នៅសាលាខេត្តស្ទឹងត្រែង។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នោះទៀត ក៏មានការអញ្ជើញចូលរួមពី គណៈអភិបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត អង្គភាពទាំង៣ នៃកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាច្រើនស្ថាប័នទៀត ផងដែរ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗជាច្រើន ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវខិតខំពង្រឹងការបង្ក្រាប ទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យបានម៉ឺងម៉ាត់បំផុត ត្រូវគ្រប់គ្រងសភាពការណ៍ទូទៅក្នុងខេត្តឱ្យបានល្អ ត្រូវពង្រឹងសន្តិសុខ សណ្ដាប់សង្គម ត្រូវខិតខំការពារធនធានធម្មជាតិ ការអនុវត្តលក្ខណៈសម្បត្តិ ទី៧ នៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលខ្លួនគ្រប់គ្រងឱ្យបានល្អប្រសើរ ថែមទៀត។

ប្រធានគណៈបញ្ជាឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ថា កិច្ចការដែលសំខាន់បំផុតនាពេលនេះ គឺពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាក្មេងទំនើង ដែលដើរបង្កអសន្តិសុខ ធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់មានការភ័យខ្លាច ។ អាស្រ័យហេតុនេះ គណៈបញ្ជាការឯកភាព ក្រុង ស្រុកទាំងអស់ ត្រូវធ្វើការបែងចែកវេន ដើម្បីដើរល្បាត និងត្រូវលើកទឹកចិត្ត ដល់ប្រជាការពារភូមិ ដើម្បីជាជំនួយក្នុងការការពារសន្តិសុខ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលខេត្តស្ទឹងត្រែង បានជំរុញដល់មន្រ្តីបម្រើការងារលើ អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដែលហួសសុពលភាព និងអ្នកដែលទើបគ្រប់អាយុត្រូវធ្វើ ត្រូវពន្លឿនកិច្ចការងារនេះ ឲ្យបានទាន់ពេលវេលា និង អាជ្ញាធរក្រុង ត្រូវធ្វើការកែលម្អរសួនសាធារណក្នុងក្រុងស្ទឹងត្រែង និងដាក់ភ្លើងបំភ្លឺផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកលេងកំសាន្តក្នុងខេត្តកាន់តែច្រើន ព្រោះត្បិត ខេត្តស្ទឹងត្រែង គឺជាខេត្តមួយ នៃចំណុចគោលដៅរបស់ភ្ញៀវជាតិ និងអន្តរជាតិ ផងដែរ។

លោកអភិបាលខេត្តស្ទឹងត្រែង បានជំរុញរដ្ឋបាលក្រុង-ស្រុក ត្រូវខិតខំគៀគរអ្នកវិនិយោគ មកធ្វើការវិនិយោគលើវិស័យផ្សេងៗ តាមអនុសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺយុទ្ធសាស្រ្ត ” ទាក់ម៉ូយ ” ដើម្បីបានជាទុកសម្រាប់កសាងខេត្ត អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំប្រឹងពង្រឹងសន្តិសុខ សណ្តាប់សាធារណៈនៅមូលដ្ឋាន ត្រូវទប់ស្កាត់ និងបង្ក្រាប នូវរាល់បទល្មើសនានា ដែលកើតឡើងក្នុងមូលដ្ឋាន ពិសេស បទល្មើសឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់តាមគ្រប់រូបភាព និងត្រូវពិនិត្យ និងរុះរើលើស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ផងដែរ៕ដោយ៖ឡុង សំបូរ