ខេត្តព្រះវិហារ៖ ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនប្រភេទ ដែលក្រុមអ្នកនេសាទយកទៅប្រើប្រាស់សម្រាប់ចាប់ត្រី នៅក្នុងរដូវបិទការនេសាទនេះ ត្រូវបានបង្ក្រាប និងរឹបអូសយកមកដុតបំផ្លាញចោល ក្នុងបំណងលុបបំបាត់ការនេសាទត្រី ដោយខុសច្បាប់។
ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះ បានធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២កក្កដា ដល់ថ្ងៃទី១៤កក្កដា២០២៤ ក្រោមកិច្ចសហការរវាង ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ និងស្រុករវៀង នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបតល្មើសនេសាទនោះ កម្លាំងសមត្ថកិច្ចបានធ្វើការរឹបអូស ឧបករណ៍នេសាទល្មើសច្បាប់ រួមមាន៖ លូស្បៃមុង ២មាត់ ប្រវែង ៣០ម៉ែត្រ, លូរបាំងសាច់អួន ៤មាត់ ប្រវែង ២៦០ ម៉ែត្រ និងលបកន្ទុយកណ្ដុរ ២គ្រឿង មានប្រវែង ១៤ម៉ែត្រ។ ឧបករណ៍ទាំងនោះ ត្រូវបានធ្វើការដុតំផ្លាញចោលភ្លាមៗ ផងដែរ៕ ដោយ៖ឡុង សំបូរ