(កំពង់ធំ)÷ ក្រុមការងារចម្រុះប្រចាំការនៅឃុំពាមបាង ដឹកនាំដោយ លោក ជ័យ ចាន់គង់ អនុប្រធានការិយាល័យប៉ូលីសសេដ្ឋកិច្ចខេត្តកំពង់ធំ និងជាសមាជិកក្រុមការងារ ចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសជលផល នៅចំណុច: មុខបាឡត រហូតដល់ចំណុចកំព្រាមធំ ស្ថិតក្នុងភូមិបាឡត ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
លោក ជ័យ ចាន់គង់ និងជាសមាជិកក្រុមការងារ ចុះប្រតិបត្តិការត្រួតពិនិត្យបង្រ្កាបបទល្មើសជលផលលទ្ធផលអនុវត្តបាន០១ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន១៥របាំង ប្រវែង២២៥០ម៉ែត្រ ឡុកចំនួន១៥គ្រឿង លបចំនួន២០មាត់ បង្គោលចំនួន ៣២០០ដើម ចាក់ត្រីប្រលែងទម្ងន់២០គីឡូក្រាម ចូលក្នុងទន្លេវិញ។
លោក ជ័យ ចាន់គង់ អនុប្រធានការិយាល័យប៉ូលីសសេដ្ឋកិច្ចខេត្តកំពង់ធំ បានគូសបញ្ជាក់ផងដែរថា កម្លាំងចម្រុះដែលឈរជើងប្រចាំការនៅទីបញ្ជាការស្រាលបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេសនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ សកម្មការងាររួមមាន ការចុះទប់ស្កាត់ ការបង្ក្រាបរាល់បទល្មើសនេសាទគ្រប់ប្រភេទដែលច្បាប់ស្តីពីជលផលហាមឃាត់ ការចុះផ្សព្វផ្សាយជូនប្រជានេសាទឱ្យពួកគាត់បានយល់ និងជួយថែរក្សាការពារធនធានធម្មជាតិ មច្ឆាជាតិ និងបន្ទុកមួយទៀតគឺការល្បាតការពារឡូអភិរក្សត្រីមេពូជ ក្នុងសហគមន៍ឡូអភិរក្ស ឃុំពាមបាង។ អត្ថបទលោក ជ័យ ចាន់គង់