ដើមផ្កាក្ងោកចំនួន១៣៥ដើម ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់អូរតាវ៉ៅ សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តចូលរួមដាំសងខាងផ្លូវជាតិលេខ ៥៧​

0

ប៉ៃលិន៖ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ យុវជន ស ស យ ក សង្កាត់ អូរតាវ៉ៅ និងអាជ្ញាធរមូលដ្ឋាន បានបន្តចូលរួមដាំដើមផ្កាក្ងោក ជាមួយក្រុមការងាររដ្ឋបាលខេត្ត ចំនួន ១៣៥ដើម នៅសងខាងផ្លូវជាតិលេខ ៥៧ ចំណុច ភូមិប៉ាងរលឹម សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។​​

លោក នួន ចាន់ធារ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់អូរតាវ៉ៅ​ បានមានប្រសា​សន៍លើកឡើងថា៖ ក្រោមការណែនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចាត់ឲ្យលោកដឹកនាំក្រុមការងារយុវជនស.ស.យ.កសង្កាត់អូរតាវ៉ៅ សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋបាល បន្តចុះដាំដើមឈើ ដែលជាប្រភេទដើមក្ងោក នៅតាមសងខាងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ គឺដើម្បីសោភណភាព នៃគម្របពណ៌បៃតង ព្រោះដើមក្ងោកនេះ វានឹងធ្វើឱ្យតាមដងផ្លូវជាតិចំណុចនេះ មានសោភណភាពខៀវ ស្រស់បំព្រងក្នុងរដូវវស្សា និងភាគច្រើនៅរដូវប្រាំង តែងចេញផ្កាផ្តល់សោភណភាពក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិន កាន់តែច្រើន និងបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋយើង តាមរយៈការលក់ ដូរ ជូនដល់ភ្ញៀវទេសចរផងដែរ។​

លោកប្រធានស.ស.យ.កសង្កាត់អូរតាវ៉ៅ បានបន្តថា៖ ដើមឈើមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សសត្វ និងផែនដី ក្នុងការទាក់ទាញនៅទឹកភ្លៀង កាត់បន្ថយកំដៅ និងជួយបន្សុទ្ធជាតិពុល បង្កើននូវខ្យល់បរិសុទ្ធ សម្រាប់មនុស្ស សត្វ នៅលើផែនដីយើងនេះ ហើយចំពោះការដាំរយៈពេលកន្លងទៅ គឺយើងបានដាំចំនួន១៥០០ដើមរួចមកហើយ ដោយឡែកនៅពេលនេះគឺយើងដាំដើមក្ងោកចំនួន១៣៥ដើមបន្ថែមទៀត ជាមួយគ្នានេះលោក នួន ចាន់ធារ៉ា ប្រធានសហភាពសហព័ន្ធយុវជនសង្កាត់អូរតាវ៉ៅ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនចូលរួមថែរក្សា ការពារ និងអភិរក្សដើមក្ងោករបស់យើង ឱ្យបានគង់វង្ស ព្រោះដើមក្ងោក ដែលដាំនាពេលនេះ គឺជាសម្បត្តិរបស់យើងទាំងអស់គ្នា ដើម្បីសោភណភាព បរិស្ថានល្អ សម្រាប់ខេត្តដងផ្លូវជាតិលេខ៥៧ ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនផងដែរ៕

​អត្ថបទ ភ្នំខៀវ ប៉ៃលិន