(កំពង់ធំ)÷ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងក្រុមការងាររបស់មន្ទីរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ
ប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ។
លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានលើកឡើងថាស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងចូលរួមយ៉ាងសកម្ម ត្រូវកម្មវិធីអាទិភាពសំខាន់ៗ ទាំង៤របស់ក្រសួងគឺ÷ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយផ្តោតសំខាន់លើ ការពង្រឹងគុណភាព ស្របតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល គឺការពង្រឹងគុណភាព ៧០% និងពង្រីកបន្ថែម៣%។ ទី២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការអប់រំផ្នត់គំនិត ដើម្បីប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព។ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើតការងារ មុខរបរ និងប្រាក់ចំណូល។ ទី៤ ការពង្រឹងស្ថាប័ន ការគ្រប់គ្រង និងអភិបាលកិច្ច តាមរយៈការជ្រើសរើសមន្ត្រី និងការបណ្តុះ បណ្តាលមន្ត្រីឱ្យមានសមត្ថភាព ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម លី ណារុន បានមានប្រសាសន៍ថា ដើម្បីបន្តពន្លឿនកិច្ចរអភិវឌ្ឍន៍និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅរាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាការដោយផ្អែកលើបា វចនាចំនួន៥គឺ៖ (កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព) មានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ ១.ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ២.បង្កើតការងារឱ្យបានកាន់តែច្រើន ៣.សម្រេចឱ្យបាននូវគោលដៅ ៤.កាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន ៥.ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ។
ជាមួយគ្នានេះផងដែរឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបន្ថែមទៀតថា រាជរដ្ឋាភិបាល បានកំណត់យក វិស័យអាទិភាពគន្លឹះចំនួន៥រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជនានៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។





































