មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដាក់បទបញ្ជាដល់កងឯកភាពចំណុះប្រចាំព្រំដែនកម្ពុជា-ថៃ និងឡាវ បន្តពង្រឹងសន្តិសុខព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន អោយបានម៉ឹងម៉ាត់បំផុត

0

ខេត្តព្រះវិហារ៖ ការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់អង្គភាពចំណុះ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើក្នុងគ្រាដែលលោកឧត្តមសេនីយ៍ អញ្ជើញជាអធិបតីក្នុងពិធី ផ្លាស់ប្តូរ តែងតាំងមុខតំណែង នាយទាហានរង ៥រូប ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្ដបន្ដ ប្រចាំខែកក្កដា ឆ្នាំ២០២៤ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ​។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា នាពេលនោះ ក៏មានការអញ្ជើញចូលរួមពី មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ នាយផ្នែក មេបញ្ជាការ ក្រុង-ស្រុក និងអង្គភាពវរសេនាតូចទាំងពីរ ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ផងដែរ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានក្រើនរំលឹក ដល់នាយទាហានទាំងអស់ ពិសេសនាយទាហាន ដែលទើបបានទទួលតួនាទី ភារកិច្ចថ្មី ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារឱ្យបានខ្ជាប់ខ្ជួន និងល្អប្រសើរ ជូនអង្គភាព និងសង្គមជាតិទាំងមូល ត្រូវរួមសហការគ្នាក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសការកាប់ព្រៃឈើអភិរក្សរបស់រដ្ឋយកដីធ្វើកម្មសិទ្ធ ដោយខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដាក់បទបញ្ជាដល់បណ្តាអង្គភាពចំណុះ និងកំពុងអនុវត្តការងារនាពេលកន្លងមក នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងពង្រឹងការចុះយាមល្បាត ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារនូវបូរណភាពទឹកដី និងទប់ស្កាត់ឱ្យបាន នូវរាល់បទល្មើសផ្សេងៗ ដែលកើតឡើងនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ បានថ្លែង កោតសរសើរដល់បណ្តាកងឯកភាពចំណុះទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អនាពេលកន្លងមក ហើយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវជៀសវាងឲ្យឆ្ងាយពីការសេព ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ និងតាមគ្រប់រូបភាព(ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន)៕ ដោយ៖ឡុង សំបូរ