ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នៅថ្ងៃទី១៦កក្កដា២០២៤ បានបន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដោយចង់ដឹងពីភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននីមួយៗ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។
លោកអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃកន្លងទៅនេះ មានភ្លៀងធ្លាក់នៅកន្លែងមួយចំនួន ប្រមាណ ១០០មីលីម៉ែត្រ និងនៅថ្ងៃទី១៧កក្កដានេះ ទឹកភ្លៀងមានបរិមាណ ប្រមាណ ៥០មីលីម៉ែត្រ។ លោកថា កន្លែងវាលទំនាប ឬតំបន់មុខទឹក មួយចំនួនមានជំនន់ទឹកភ្លៀង ប៉ុន្តែស្រកវិញក្នុងរយៈពេល២៤ម៉ោង ដែលធ្វើអោយខូចខាតផ្លូវលំខ្លះ និងស្ពានឈើមួយចំនួន ផងដែរ។
លោក គីម រិទ្ធី បានបញ្ជាក់ទៀតថា ស្ថានភាពនេះ ជាបាតុភូតធម្មតានៅតំបន់ភ្នំ ហើយប្រជាជនពុំទាន់មានហានិភ័យ ដែលត្រូវចល័តចេញនៅទ្បើយទេ រីឯខេត្តព្រះវិហារ ក៏ពុំទាន់ដល់ស្ថានភាពប្រកាសអាសន្នដែរ ហើយរដ្ឋបាលឃុំ-សង្កាត់ ក៏កំពុងតាមដាន និងរាយការណ៍ជាប្រចាំ អំពីស្ថានភាពទឹកភ្លៀង និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕ដោយ៖ឡុង សំបូរ