ជំនន់ទឹកភ្លៀងបានគ្រប់ដណ្តប់លើក្រុង-ស្រុកចំនួន៤ ក្នុងខេត្តស្ទឹងត្រែង ភាគឦសានកម្ពុជា

0

ខេត្តស្ទឹងត្រែង៖ ភ្លៀងបានធ្លាក់ជាប់ៗគ្នានាច្រើនថ្ងៃមកនេះ បានធ្វើឱ្យក្រុង-ស្រុកចំនួន៤ ឃុំសង្កាត់ចំនួន៩ និងភូមិចំនួន២១ នៃខេត្តស្ទឹងត្រែង បានគ្រប់ដណ្តប់ទៅដោយជំនន់ទឹកភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ បង្កផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បានរងផលប៉ះពាល់ និងខូចខាត។

នាយករង និងជាមន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងនៅរសៀលថ្ងៃ១៧កក្កដានេះថា នៅប៉ុន្មានថ្ងៃមកនេះ ភ្លៀងបានធ្លាក់ជាប់ៗគ្នាបង្កជាទឹកជំនន់ ធ្វើឱ្យស្រុកចំនួន ៣ និងក្រុង ១ គឺស្រុកបុរីអូរស្វាយសែនជ័យ ស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន និងក្រុងស្ទឹងត្រែង មាន ៩ឃុំ-សង្កាត់ និងភូមិចំនួន ២១ បានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ហើយបញ្ហានេះបណ្តាលមកពីមានខ្យល់កន្ត្រាក់ ផងដែរ។

លោក ម៉ែន គង់ បានបញ្ជាក់ថា នៅក្នុងពេលភ្លៀងកំពុងធ្លាក់ បង្កជាទឹកជំនន់នោះ បានធ្វើឱ្យផ្លូវ ស្ពាន លូ និងលំនៅដ្ឋានប្រជាពលរដ្ឋ នៅក្នុង ៩ឃុំ-សង្កាត់ និង ២១ភូមិ បានរងការខូចខាត ស្ថិតក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៤ នៃខេត្តស្ទឹងត្រែង រងផលប៉ះពាល់ ក្នុងនោះមានផ្ទះ ២ខ្នង បានរងការខូចខាត ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់ បោកបក់ដើមឈើរលំសង្កត់ តែមិនមានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង បានបន្ថែមថា នៅក្នុងជំនន់ទឹកភ្លៀងនោះ បានបង្កការខូចខាតស្ពានឈើប្រវែង ៥៥ម៉ែត្រ នៅស្រុបុរីអូរស្វាយសែនជ័យ និងផ្លូវប្រវែងជាង ២០ម៉ែត្រ នៅក្នុងស្រុកថាឡាបរិវ៉ាត់ បានរងការបាក់ស្រុត រីឯផលដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ បានរងការជន់លិចជាច្រើនហិកតា ប៉ុន្ដែ មិនបង្កការខូចខាតនោះទេ ព្រោះត្បិតមេឃឈប់ភ្លៀង និងទឹកបានស្រកចុះអស់វិញហើយ។

ប្រធានស្ថានីយ៍ជលសាស្ត្រទន្លេមេគង្គ លោក ស៊ិន ឆាំ បានប្រាប់ឱ្យដឹងថា ទឹកទន្លេក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៧កក្កដា២០២៤នេះ មានការហក់ឡើង ក្នុងនោះ ទន្លេមេគង្គ ទឹកមានកម្ពស់ ៦,២១ម៉ែត្រ ទន្លេសេសាន ទឹកមានកម្ពស់ ៤,៣៧ម៉ែត្រ និងទន្លេសេកុង ទឹកមានកម្ពស់ ៥,៨៨ម៉ែត្រ គឺ មិនទាន់ជិតឈានដល់កម្រិតប្រកាសអាសន្ន នៅឡើយទេ៕ ដោយ៖ឡុង សំបូរ