(កំពង់ធំ)÷ ឯកឧត្តម លី ណារុន រដ្ឋាលខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងថា ជាក់ស្ដែងនៅក្នុងសហគមន៍ប្រជាពលរដ្ឋជាច្រើនត្រូវការទឹកស្អាត ប្រើប្រាស់ជាចាំបាច់នៅក្នុងក្រុមគ្រួសារ ដើម្បីឱ្យមានសុខភាពល្អ គ្មានជំងឺកើតឡើងដល់មនុស្ស និងសត្វនៅក្នុងសហគមន៍។
កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងស្នប់ជ្រៅចំនួន១៨អណ្តូង ឆ្នាំ២០២៤ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធាន PWG ខេត្ត ឯកឧត្តម ស្រ៊ិន ពុទ្ឋី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹក នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ លោកអភិបាលរងស្រុក មន្រ្តីសាលាស្រុក និងប្រជាពលរដ្ឋចំនួន២១៤នាក់ ស្ថិតនៅភូមិកូនក្អែក ឃុំសប្បូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានសាងសង់អណ្តូងស្អប់ចំនួន១៨អណ្តូង ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកគោលដៅចំនួន៣ស្រុក គឺស្រុកសន្ទុក មានឃុំក្រយាចំនួន០៤អណ្តូង ស្រុកកំពង់ស្វាយ មានឃុំត្រពាំងឬស្សីចំនួន០២អណ្តូង និងស្រុកប្រាសាទសំបូរចំនួន១២អណ្ដូង មានឃុំឈូកចំនួន០៣អណ្តូង ឃុំស្រើងចំនួន០៣អណ្តូង ឃុំសំបូរណ៍ចំនួន០៦អណ្ដូង
ភូមិច្រម៉ាស់០៣អណ្តូង និងភូមិកូនក្អែកចំនួន០៣អណ្តូង។
ថ្លែងនៅក្នុងកម្មវិធីឯកឧត្តម លី ណារុន បានថ្លែងថា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាតនៅតាមមូលដ្ឋាន ឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់នូវទឹកស្អាតប្រកបដោយគុណចៀសវាងពីជំងឺឆ្លងផ្សេងៗ គឺផ្ដល់អណ្ដូងស្នប់ជ្រៅដែលគ្មានមេរោគ ដល់បងប្អូននៅក្នុងសហគមន៍។ ការប្រើប្រាស់អណ្ដូងស្នប់ជ្រៅនេះគឺផ្ដល់សារៈប្រយោជន៍ដល់មនុស្ស និងសត្វគ្រប់ប្រភេទក្នុងការប្រើប្រាស់ ទៅតាមតម្រូវការចាំបាច់ ការកាត់បន្ថយថវិកាមួយកម្រិតផងដែរ។ ជាក់ស្ដែងនៅក្នុងសហគមន៍ប្រជាពលរដ្ឋជាច្រើនត្រូវការទឹកស្អាត ប្រើប្រាស់ជាចាំបាច់នៅក្នុងក្រុមគ្រួសារ ដើម្បីឱ្យមានសុខភាពល្អ គ្មានជំងឺកើតឡើងដល់មនុស្សនិងសត្វនៅក្នុងសហគមន៍។
ឆ្លៀតក្នុងឱកាសនេះឧត្តម លី ណារុន រដ្ឋាលខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ បានសំណូមពរដល់បងប្អូនទាំងអស់នៅក្នុងសហគមន៍ សូមចូលរួមការពារសមិទ្ធផលនានាផ្ដល់ឱ្យនាពេលនេះ ត្រូវយកចិត្តទុកដាក់ថែរក្សា ការពារ ឱ្យបានគង់វង្ស ប្រើប្រាស់ឱ្យបានយូរយូរអង្វែង។ អាជ្ញាធរមូលដ្ឋានត្រូវតែផ្សព្វផ្សាយដល់បងប្អូននៅក្នុងសហគមន៍បន្ថែមទៀតពីសារៈប្រយោជន៍ នៃការប្រើប្រាស់អណ្ដូងស្នប់ទឹកស្អាតនេះឱ្យគាត់យល់កាន់តែច្បាស់ មិនប៉ះពាល់ដល់សុខភាព ដល់មនុស្ស និងសត្វនោះឡើយ។
គួរបញ្ជាក់ផងដែរថា គណៈអធិបតីក៏បានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់នៅអណ្ដូងស្នប់ចំនួន១៨អណ្ដូងឱ្យប្រជាពលរដ្ឋប្រើប្រាស់ចាប់ពីពេលនេះតទៅ។ អត្ថបទលោក ធូ កែវមុន្នី