កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុនចាន់ដា បានអះអាងថា
ការបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០២៤នេះ គឺប្រជាកសិករយើងសម្រេចបានប្រមាណជា ៩២%ហើយ លើផ្ទៃដីដាំដុះប្រមាណជា ៨ម៉ឺនហិកតា ចំពោះទឹកភ្លៀងគឺមានធ្លាក់មកគ្រប់គ្រាន់ ចំពោះសត្វល្អិតបំផ្លិចបំផ្លាញ ត្រូវបានកម្ចាត់ទាន់ពេលវេលា ។ ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការបង្កបង្កើនផល ស្រូវវស្សាឆ្នាំនេះ គឺមានអំណោយផលល្អ ទន្ទឹមនឹងនេះយើងក៏បានជួបប្រទះនូវបញ្ហាប៉ះពាល់ ដោយសត្វដង្កូវហ្វូង ដែលកើតមានឡើងនៅក្នុងឃុំចំនួន៣ នៃស្រុកចំការលើ និងនៅក្នុងឃុំ អូរស្វាយ ស្រុកកំពង់សៀម ទោះជាយ៉ាងណាយើងក៏បានកម្ចាត់សត្វដង្កូវនេះដោយជោគជ័យ ក្នុង នោះសត្វរុយពណ៌ ស ដែលជាសត្វល្អិតបំផ្លាញដំណាំស្រូវ របស់ប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង គឺអាជ្ញាធរខេត្តកំពង់ចាម ក៏បានដាក់វិធានការទប់ស្កាត់ទាន់ពេលវេលា ដើម្បីសង្គ្រោះដំណាំស្រូវ ផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ប្រកាស ថា នឹង រៀបចំទូងស្គរ វាយគង ប្រគុំតន្ត្រីខ្នាតធំ និងអុជកាំជ្រួច ដើម្បីធ្វើការអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ព្រមទាំង អំពាវនាវ សូម ឱ្យ មាន ការ ចូលរួម ទាំងអស់ គ្នា ផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្ត ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ប្រតិទិននៃកិច្ចប្រជុំសាមញ្ញ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់រយៈពេល ៦ខែ លើកទី១។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំឆមាសទី១ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។
៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេល៣ខែ (កក្កដា សីហា កញ្ញា) ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
៦-បញ្ហាផ្សេងៗ។ ៕