(កំពង់ធំ) ÷នៅរសៀលថ្ងៃទី១៧ ខែកក្កដាឆ្នាំ ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង ធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ ព្រមទាំងសហការី បានអញ្ជើញនាំយកទៀនវស្សា និងទេយ្យទាន ព្រមទាំងបរិក្ខា និងបច្ច័យមួយចំនួនមកវេរប្រគេនព្រះសង្ឃចំនួន៦វត្ត ដែលគង់ចាំព្រះវស្សានៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងទៅកាន់ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការ លោកតា លោកយាយ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅក្នុងឱកាសនោះ ឯកឧ្តមបាន ពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលឯកឧត្តមតែងតែ នឹករលឹក គិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងគ្រប់ពេលវេលា។ ជាពិសេសឯកឧត្តមបានកសាងនូវផ្លូវបេតុងប្រវែង១១គីឡូម៉ែត្រ នៅក្នុងឃុំចំណាលើ ដែលជាចំណងដៃមិនអាចកាត់ថ្លៃបាន ដែលក្នុងកំពុងដំណើរការសាងសង់សម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានធ្វើដំណើរ ដឹកកសិផល និងសិស្សានុសិស្សទៅសាលារៀនមានការងាយស្រួល ប្រកបដោយសុវត្ថិភាពឆាប់រហ័ស។
លើសពីនេះឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង ធនធានទឹកនិងឧតុនិយម បានកោតសរសើរខ្ពស់ដល់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីដែលបានបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយទំនុកចិត្ត ឆាប់រហ័សក៏ដូចជាការធ្វើកិច្ចការមនុស្សធម៌ និងការជួយសង្គ្រោះ ប្រជាពលរដ្ឋក្នុងគ្រាលំបាកផ្សេងៗនៅក្នុងមូលដ្ឋានបានទាន់ពេលវេលាផងដែរ។
គួរបញ្ជាក់ផងដែរថា បរិក្ខារ និងទេយ្យទាន ដែលប្រគេនចែកជូនវត្តទាំង៦វត្តគឺ ១.វត្តសោភ័ណរង្សី(ហៅវត្តខ្មាក់)
២.វត្តប្រាសាទស្វាយជ្រុំបរមសុខា(ហៅវត្តប្រាសាទស្វាយជ្រុំ)
៣.វត្តព្រះជ័យហង្សា(ហៅវត្តល្ហុង)
៤.វត្តប្រាសាទបីសិរីសោភ័ណ(ហៅវត្តប្រាសាទបី)
៥.វត្តមុនីសូរិយា(ហៅវត្តក្ដីស្រង៉ែ)
៦.វត្តអំពិលរលើង (ហៅវត្តអំពិលរលើង) ក្នុងមួយវត្តៗទទួលបាននូវ÷ទៀនវស្សា០១គូ បច្ច័យចំនួន១លានរៀល ព្រមទាំង គ្រឿងឧបភោគបរិភោគ និងបរិក្ខោរមួយចំនួនធំទៀតផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង