(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកសណ្តាន់ ចុះពិនិត្យស្ថានភាពផ្លូវដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង និងបានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ និងរាយការណ៍ជាប្រចាំ អំពីស្ថានភាពទឹកជំនន់ដែលអាចកើតមាននាពេលខាងមុខនេះ មកកាន់រដ្ឋបាលខេត្ត ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាកិច្ចការងារនេះ គឺជាកិច្ចការសំខាន់ណាស់ បើសិនជាយើងមិនបានគិតគូរត្រៀមបង្ការទុកជាមុនទេ នោះយើងនឹងជួបបញ្ហា និងផលលំបាកជាច្រើននៅក្នុងមូលដ្ឋានយើង ។ លើសពីនេះទៀត ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តមានការប្រុងប្រយ័ត្នខ្ពស់ អំពីសុវត្ថិភាពគ្រួសារ ជាពិសេសក្មេងតូចៗ ត្រូវត្រៀមលក្ខណៈទុកមុនចំពោះបញ្ហាជំនន់ទឹកភ្លៀង និងសូមយកចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ អត្ថបទដោយ ឈួន ឆេងមួន