កែប៖ អនុគម្រោងទាំង៣រួមមាន អនុគម្រោងទីលានកប់សំរាម អនុគម្រោងផ្លូវប្របមាត់សមុទ្រ និងអនុគម្រោងកំពង់ផែទេសចរណ៍លើកោះទន្សាយបានសម្រេចការសាងសង់រួចរាល់ជាស្ថាពរដែលប្រើកញ្ចប់ថវិកា ក្នុងការសាងសង់សរុប ៣០លានដុល្លាអាមេរិកដែលជាហិរញ្ញប្រទានដោយធនគារអភិវឌ្ឍន៍អាស៊ី៣០លានដុល្លា និង វិភាគទានរបស់រាជរដ្ឋាភិបាល០,៨៩លានដុល្លាអាមេរិក។ នេះបើយោងតាមទិន្នន័យ ក្នុងពិធីប្រគល់ឯកសារប្លង់អនុគម្រោងសាងសង់ផ្លូវប្របឆ្នេរសមុទ្រ និងកំពង់ផែទេសចរណ៍កោះទន្សាយ នាព្រឹកថ្ងៃទី១៧ ខែកកក្កដា ឆ្នាំ២០២៤។
អនុគម្រោងទាំង៣នេះ ស្ថិតនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ពិធីប្រគល់ឯកសារប្លង់អនុគម្រោងសាងសង់ផ្លូវប្របឆ្នេរសមុទ្រ និងកំពង់ផែទេសចរណ៍កោះទន្សាយ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ ជូនរដ្ឋបាលខេត្តកែបនេះ ពិធីនេះធ្វេីឡេីងក្រោមអធិបតីភាព ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងតំណាងទីប្រឹក្សាបច្ចេកទេសគម្រោងសម្រាប់ការគ្រប់គ្រង ថែទាំ និងប្រតិបត្តិការ និងប្រើប្រាស់បន្ត និងលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប។
ដោយឡែកសម្រាប់ទីលានទុកដាក់សំរាមដែលជាអនុគម្រោង១ក្នុងចំណោមអនុគម្រោងទាំង៣ បានធ្វើពិធីប្រគល់រួលរាល់ហើយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ក្រោមវត្តមានរបស់ឯកឧត្តម ស៊ុន ចាន់ថុល កាលដែលលោក នៅជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
គេរំពឹងថា តាមរយៈគម្រោងទាំងនេះ នឹងជួយជំរុញដល់ដំណើរការអភិវឌ្ឍន៍របស់ខេត្តកែបទាំងមូល ជាពិសេសអភិវឌ្ឍន៍វិស័យទេសចរណ៍ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកំណត់អភិវឌ្ឍន៍ប៉ូលទេសចរណ៍ភាគនារតី ដែលមានខេត្តកែបជាទិសដៅសំខាន់មួយផងដែរ៕