ឯកឧត្តម អ៊ុង ឌីប៉ូឡា ចុះជួបសំណេះសំណាល ចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត គ្រូ បង្រៀន និងសិស្សានុសិស្សនៅឃុំសុចិត្រ ស្រុកសណ្ដាន់

0

( កំពង់ធំ)÷ ពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានប្រព្រឹត្តទៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លោក ណឹម ចាន់ថា ប្រធានមន្ទីរ៉ែ និងថាមពលខេត្ត កំពង់ធំ តំណាងសភាពាណិជ្ជកម្មកម្ពុជា ស៊ីឈួន-ឆុងឈីង ខេមបូឌាន ខេ៨៨ អ៉ិនដាសស្រ្ទី ឯ.ក ព្រមទាំងអាជ្ញាធរមូលដ្ឋាន លោកអភិបាលរងស្រុក លោកមេឃុំ និងលោកនាយប៉ុស្តិ៍នគរបាល។

លោក តាន់ ម៉េងឆិះ អភិបាលរងស្រុកសណ្ដាន់ បានមានមតិស្វាគមន៍ដល់គណៈអធិបតី និងបានលើកឡើងអំពីការយកចិត្តទុកដាក់របស់ឯកឧត្តម អ៊ុង ឌីប៉ូឡា និងប្រតិភូអមដំណើរចុះសួរសុខទុក្ខផ្តល់អំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅទីនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកមេឃុំសុចិត្រ និងលោកប្រធានមន្ទីរ៉ែ និងថាមពលខេត្តកំពង់ធំ បានសំណូមពរដល់ក្រុមហ៊ុនបន្តយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត  សូមជួយជួសជុលផ្លូវនៅក្នុងមូលដ្ឋានឱ្យបានល្អ ងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព ជាពិសេសកុមារដែលត្រូវធ្វើដំណើរមកកាន់សាលារៀន។

នៅក្នុងឱកាសនេះឯកឧត្តម អ៊ុង ឌីប៉ូឡា បានមានប្រសាសន៍សំណេះសំណាល ពាំនាំការសាកសួរសុខទុក្ខ ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ ឯកឧត្តម អ៊ុង ឌីប៉ូឡាបានលើកឡើងអំពីក្រុមហ៊ុនខេ៨៨ថា ក្រុមហ៊ុននេះបន្ទាប់ពីបានសិក្សាស្រាវជ្រាវរកឃើញថាមានទិន្នន័យរ៉ែមាស អាចធ្វើអាជីវកម្ម ក្រុមហ៊ុនក៏បានដាក់ពាក្យស្នើសុំទៅក្រសួងរ៉ែ និងថាមពល រហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មធនធានរ៉ែមាស ពីក្រសួងរ៉ែនិងថាមពលហើយ ប៉ុន្តែមិនទាន់ដំណើរការធ្វើអាជីវកម្មរ៉ែមាសនៅឡើយ។ ក្រុមហ៊ុនកំពុងតែធ្វើការសិក្សា(អ៉ីអាយអេ) ពីផលប៉ះពាល់បរិស្ថាន ខណៈកំពុងវាយតម្លៃផលប៉ះពាល់ទៅលើបរិស្ថាន ជាមុនសិន ដើម្បីចាប់ផ្តើមដំណើរការពេលឆាប់ៗខាងមុខនេះផងដែរ។

នៅក្នុងឱកាសនេះដែរឯកឧត្តម អ៊ុង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ឆ្លើយតបពីសំណើរបស់អាជ្ញាធរឃុំ  ដោយយល់ព្រមជំរុញឱ្យក្រុមហ៊ុនធ្វើអជីវកម្មរ៉ែមាស ធ្វើការជួសជុលកែសម្រួលផ្លូវលំ១ខ្សែប្រវែង១៧គីឡូម៉ែត្រ សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរពីឃុំសុចិត្រទៅឃុំទំរីងស្រុក សណ្តាន់។ ជាមួគ្នានេះដែរ ឯកឧត្តម អ៊ុង ឌីប៉ូឡា លើកឡើងពីអត្ថប្រយោជន៍មួយចំនួនដែលប្រជាពលរដ្ឋ នឹងទទួលបានជាមួយក្រុមហ៊ុនទាំងពីរខាងលើ ដូចជាផ្តល់អត្ថភាពការងារធ្វើ១០០%ជាដើម ជាមួយក្រុមហ៊ុនទាំងពីរនេះជា។

បន្ទាប់ពីផ្តាំដល់សិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ ឯកឧត្តម អ៊ុង ឌីប៉ូឡានិងប្រតិភូអមដំណើរបានចែក សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគ ដែលប្រគល់ជូនដល់លោកគ្រូអ្នកគ្រូ ចាស់ជរា ក្មេងកំព្រា និងសិស្សានុសិស្សរួមមាន÷ សម្ភារៈប្រើប្រាស់ ដែលប្រគល់ជូនដល់លោកគ្រូអ្នកគ្រូចំនួន១២នាក់ ក្នុង១នាក់ទទួលបានទូរស័ព្ទដៃ១គ្រឿង។ សម្រាប់កម្រងសាលារៀនទទួលបានកុំព្យូទ័រ០២គ្រឿង សាលាបឋមសិក្សាពោធិ៍រោងទទួលបានកុំព្យូទ័រ០១គ្រឿង រដ្ឋបាលឃុំសុចិត្រទទួលបានកុំព្យូទ័រ០១គ្រឿង និងប៉ុស្តិ៍នគរបាលឃុំសុចិត្រទទួលបានកុំព្យូទ័រ០១គ្រឿងផងដែរ។ អត្ថបទរដ្ឋបាលឃុំសុចិត្រ