រាជធានីភ្នំពេញ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយគណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) បានរៀបចំសិក្ខាសាលាស្ដីពី «សុវត្ថិភាពផលិតផល និងការប្រមូលផលិតផលត្រលប់មកវិញ» ក្រោមអធិបតីភាព លោក ឃួន សាវុធ អគ្គនាយករង ក.ប.ប. តំណាង ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. អ្នកជំនាញការអូស្ត្រាលី លោក Davin Phillips ជានាយកនៃវិទ្យាស្ថានស្រាវជ្រាវនិងវិភាគ និងលោកស្រី Carolyn Mooney-ជាជំនួយការ នៃគណៈកម្មាធិការប្រកួតប្រជែងនិងការពារអ្នកប្រើប្រាស់អូស្រ្តាលី ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន លោកប្រធានសាខា ប្រធានការិយាល័យ នៃសាខា ក.ប.ប. រាជធានី ខេត្ត សរុបចំនួនប្រមាណ ៦០រូប។
គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីឱ្យពង្រឹងសមត្ថភាពមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. សិក្សាស្វែងយល់អំពីបទពិសោធន៍និងការអនុវត្តល្អរបស់គណៈកម្មាធិការប្រកួតប្រជែង និងការពារអ្នកប្រើប្រាស់អូស្រ្តាលី ក៏ដូចជាការពង្រឹងសមត្ថភាពបន្ថែមនូវចំណេះដឹង និងជំនាញពាក់ព័ន្ធនឹងសុវត្ថិភាពផលិតផល និងការប្រមូលផលិតផលត្រឡប់មកវិញដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ ដើម្បីធានាឱ្យការអនុវត្តច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធទទួលបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផល។