(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៤ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ និងសហការីបាននាំយកគ្រឿងឧបភោគបរិភោគ ជូនគ្រួសារខ្វះខាតស្បៀងចំនួន៥គ្រួសារ នៅក្នុងឃុំឈូកស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋលោក ឃីម សុខឃាង បានសំណូមពរដល់បងប្អូនត្រូវតែខិតខំប្រឹងប្រែងប្រកបរបររកទទួលទាន ជាពិសេសគឺធ្វើយ៉ាងណារកការងារធ្វើនៅក្នុង ប្រទេសរបស់យើង ចៀសសវាងទៅធ្វើការនៅក្រៅប្រទេស ដែលជាមូលហេតុងាយរងហានិភ័យ ដោយការបោកប្រាស់ពីថៅកែ ឬក៏មេខ្យល់ ដែលយកកម្លាំងយើងទៅប្រើប្រាស់ ដើម្បីជាប្រយោជន៍របស់ខ្លួន។
លោកអភិបាលស្រុក បានលើកទឹកចិត្តឱ្យបងប្អូនចូលសិក្សាជំនាញបច្ចេកទេស ព្រោះជំនាញនីមួយៗសុទ្ធតែជាជំនាញដែលបងប្អូនអាចទទួលការងារធ្វើ និងប្រាក់ចំណូលសមរម្យ ។ លោក ឃីម សុខឃាង ក៏បានបន្ថែមទៀតដែរថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍពលករជំនាញ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនមុខសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់សិក្សា ។
ហើយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានលើកទឹកចិត្តចំពោះគ្រួសារក្រីក្រដែលមកសិក្សាជំនាញបច្ចេកទេស និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងពេលសិក្សាផងដែរ។
លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ក៏បានបន្ថែមទៀតថា គ្រឿងឧបភោគបរិភោគដែលប្រគល់ជូននៅពេលនេះមិនអាចដោះស្រាយជីវភាពបងប្អូនបានរហូតនោះទេ គឺអាចដោះស្រាយបានតែរយៈពេលមួយខ្លីប៉ុណ្ណោះ អ្វីដែលបងប្អូនត្រូវធ្វើគឺត្រូវតែមានមុខរបរមួយច្បាស់លាស់។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលបានប្រគល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ២០គីឡូក្រាម មី០១កេស ទឹកផ្លែឈើ០១កេស ទឹកស៊ីអ៊ឺវ០១យួរ និងទឹកត្រី០១យួរផងដែរ។