កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺសារទឹក លើសត្វគោ ក្របី ជូន ប្រជាពលរដ្ឋដោយគិតថ្លៃ នៅភូមិអូរកណ្តាល ឃុំព្រែកក្របៅ ស្រុកកងមាស ដើម្បីការពារនូវជម្ងឺ ឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមានឡើង ចំពោះសត្វពាហនៈ ក្នុងរដូវវស្សានេះ ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការ រៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការណែនាំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បី ចាក់ថ្នាំការពារទប់ស្កាត់ នូវជម្ងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វ ទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ហើយត្រូវចូលរួមធ្វើការចាក់ ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជម្ងឺរីករាលដាលធ្ងន់ធ្ងរ ក្រៅពីនោះ ត្រូវតាមដានហ្វូងសត្វល្អិតដែលបំផ្លិចបំផ្លាញដំណាំផ្សេងៗ ដើម្បីដាក់វិធានការទប់ស្កាត់ ឱ្យបាន ទាន់ពេលវេលា ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ សូមលើកកំពស់ ការថែទាំសុខភាពឱ្យបានល្អ ដើម្បីអាយុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការ សំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារ នូវជំងឺឆ្លងផ្សេងៗ ហើយបើសិនជាបងប្អូនកូនចៅមានជំងឺអ្វីកើតឡើង ត្រូវប្រញាប់ប្រញាល់ទៅ កាន់មន្ទីរពេទ្យជាបន្ទាន់ កុំនៅបង្អង់យូរ ក្រែងធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ។
បើយោងតាមលោកស៊ីម ថាវីរះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បាន ឱ្យដឹងថា ក្នុងខេត្តកំពង់ចាមមានសត្វគោចំនួន ១៩២ ៣៤៥ក្បាល និងក្របី ១៩ ៩៤៩ក្បាល ក្នុងនោះ បានចាក់វ៉ាក់សាំងការពារជម្ងឺសត្វគោមានចំនួន ៥ ១២៧ក្បាល និងក្របី ១០៥២ក្បាល ។ ដោយឡែកនៅឃុំព្រែកក្របៅ ស្រុកកងមាស មានសត្វគោចំនួន ១ ១៥៥ក្បាល និងក្របី ៤៦ក្បាល ហើយសត្វ ដែលត្រូវចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកនាពេលនេះ គឺមានគោចំនួន ២២០ក្បាល និងក្របី ២០ក្បាល។ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងនេះវិញ គឺតែងតែធ្វើឡើងជាប្រចាំ នារដូវទឹកឡើង ដោយមិនតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ឡេីយ ៕