អភិបាលខេត្តស្ទឹងត្រែង នឹងជួសជុលស្ពានឈើមួយ ដែលរងការបាក់ស្រុតដោយជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋស្រុកមួយជាប់ព្រំដែនឡាវ បានប្រើប្រាស់តាមតម្រូវការឡើងវិញ

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា រួមជាមួយលោក ជា ស្រ៊ុន រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងស្ពានឈើមួយកន្លែង ដែលរងការបាក់ស្រុត នាប៉ុន្មានថ្ងៃមុននោះ គ្រាដែលស្រុកជាប់ព្រំដែនឡាវមួយនេះ បានគ្រប់ដណ្តប់ទៅដោយដំណក់ទឹកភ្លៀង និងបង្កបានជាទឹកជំនន់ ហូរច្រោះដាច់ផ្លូវ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយផ្នែក ផងដែរ។

ស្ពានដែលរងការបាក់ស្រុតដោយជំនន់ទឹកភ្លៀងនោះ គឺជាស្ពានសង់អំពីឈើ ក្បាលបេតុង មានប្រវែង ៥៥ម៉ែត្រ និងទទឹង៣,៥០ម៉ែត្រ ហៅ (ស្ពានអូរល្វា) ស្ថិតនៅក្នុងភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

នៅក្នុងដំណើរចុះទៅកាន់ស្រុកជាប់ព្រំដែនឡាវ នារសៀលថ្ងៃទី១៧កក្កដា ម្សិលមិញ ដើម្បីពិនិត្យស្ពានឈើមួយ ដែលបាក់ស្រុតទ្រុឌទ្រោម ដោយជំនន់ទឹកភ្លៀងនោះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងថា ស្ពានឈើក្បាលបេតុងមាន១ មានប្រវែង ៥៥ម៉ែត្រ និងទទឹង៣,៥០ម៉ែត្រ ត្រូវបានទឹកហូរគួចបាក់សរសរជើងស្ពាន កាលពីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ដោយសារជំនន់ទឹកភ្លៀងហូរជន់ខ្លាំង រួមជាមួយកំណាត់ឈើ និងឬស្សីបានហូរផ្ទប់សរសរស្ពាន បណ្តាលឱ្យបាក់សរសរស្ពាន ៤ប្រលោះ។

លោកអភិបាលខេត្តស្ទឹងត្រែង បានបន្តថា សសរស្ពានទាំង ៤ ត្រូវបានទឹកហូរគួចនាំយកទៅ ក្នុងពេលទឹកជន់លិចអូរ ដោយកម្ពស់ទឹកឡើងខ្ពស់ស្មើក្តារស្ពាន និងនៅខណៈនេះ រដ្ឋបាលខេត្តស្ទឹងត្រែង បាននិងកំពុងរៀបចំរបាយការណ៍ជាក់លាក់ រួមជាមួយសំណើរគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីគោរពស្នើសុំអន្តរាគមន៍បន្ទាន់ ជូនដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការប្រើប្រាស់ស្ពានអូរល្វា និងផ្លូវនោះ ដើម្បីធ្វើការជួសជុលឡើងវិញ និងបម្រើសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ នៃខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន។ ហើយខេត្ត ក៏នឹងសិក្សាសាងសង់ស្ពាននេះឡើងវិញ ដើម្បីប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ថា ស្ពានឈើអូរល្វា ដែលមានប្រវែង ៥៥ម៉ែត្រ និងទទឹង៣,៥០ម៉ែត្រ បានសាងសង់ និងតភ្ជាប់ពីភូមិអូររុន ឆ្លងកាត់អូរ មកភូមិវឺនសៀន ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងមានប្រជាពលរដ្ឋប្រើប្រាស់ស្ពាននេះ ២០៧គ្រួសារ ស្មើនឹងប្រមាណ ១ពាន់នាក់ នៅក្នុងមូលដ្ឋានដាច់ស្រយាលនោះ។

ដោយឡែក ខេត្តស្ទឹងត្រែង នាថ្ងៃទី១៨កក្កដា២០២៤នេះ ភ្លៀងនៅតែបន្តធ្លាក់នៅក្នុងក្រុងស្ទឹងត្រែង រីឯទន្លេទាំង៣ក្នុងខេត្ត ទន្លេមេគង្គទឹកមានកម្ពស់ ៦ម៉ែត្រ ៦១ ទន្លេសេកុង ៥ម៉ែត្រ ៥៤ និងទន្លេសេសាន ទឹកមានកម្ពស់ ៥ម៉ែត្រ ២៩ សង់ទីម៉ែត្រ នេះបើតាមការបញ្ជាក់ ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ៕ ដោយ៖ឡុង សំបូរ