អភិបាលខេត្តត្បូងឃ្មុំ នាំយកកូនឈើប្រណិត ១៦០០ដើម ទៅដាំនៅបរិវេណវត្តហោង ក្នុងរមណីយដ្ឋានធម្មជាតិល្អាងទឹកធ្លាក់ហោង

0

ត្បូងឃ្មុំ: ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ​ បាននាំយកកូនឈើប្រណិត ១៦០០ដើម ទៅដាំនៅបរិវេណវត្តហោង ក្នុងរមណីយដ្ឋានធម្មជាតិល្អាងទឹកធ្លាក់ហោង បារមីលោកយាយទេព ដើម្បីអបអរ (រុក្ខទិវា ០៩កក្កដា) ស្ថិតនៅភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ការដាំកូនឈើក្នុងពិធីរុក្ខទិវា៩កក្កដានេះ គឺដើម្បីឆ្លុះបញ្ចាំងអោយឃើញនូវការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងខិតខំយ៉ាងសកម្មនូវគោលនយោបាយដាំ និងថែទាំព្រៃឈើឡើងវិញនៅទូទាំងប្រទេស ហើយបានកំណត់យកបញ្ហាព្រៃឈើជាអាទិភាព ដើម្បីស្តារនិងអភិវឌ្ឍប្រទេសជាតិអោយរីកចំរើន។

ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងថា​ ការជ្រើសរើសទីតាំងនេះ ដោយមានការគិតគូយ៉ាងយកចិត្តទុកដាក់ ក្នុងគោលបំណងចូលរួមលើកកម្ពស់ទាំងបរិស្ថាន និងសោភ័ណភាពជុំវិញទីនេះ ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់មួយ សម្រាប់ខេត្តត្បូងឃ្មុំ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា នៅទីនេះ ពិតជាមានលក្ខណៈអំណោយផលល្អ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានសក្តានុពលរបស់ខេត្ត។ ដូច្នេះសូមមន្ទីរ/អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហកាគ្នា រៀបចំទីនេះឲ្យក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានស្នើគ្រប់មន្ទីរ អង្គភាព ស្ថាប័ន សាលារៀន វត្តអារាម មន្ទីរពេទ្យ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមចូលរួមដាំកូនឈើ ដាំផ្កា អោយបានគ្រប់ដងផ្លូវ ពិសេសទាំងនៅតាមផ្ទះ និងតាមទីសាធារណៈនានា ដើម្បីអោយខេត្តត្បូងឃ្មុំ ក្លាយជាតំបន់ស្អាតដ៏ទាក់ទាញភ្លៀវទេសជាតិ និងអន្តរជាតិ មកលេងកម្សាន្ត។

ជាមួយគ្នានោះ​ គណៈអធិបតី និងអ្នកចូលរួម បាន​អញ្ជើញទស្សនារមណីយដ្ឋានធម្មជាតិទឹកធ្លាក់ហោង និងអុជធូបសុំសេចក្ដីសុខមានដល់មន្ត្រីរាជការ និងពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ពីបារមីលោកយាយទេពផងដែរ។

ជាមួយគ្នានោះ ក្នុងរដូវពិធីបុណ្យចូលព្រះវស្សានេះ ដោយសទ្ធាជ្រះថ្លា ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តនាំយកទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ទៅប្រគេនព្រះសង្ឃនៅទីអារាមនេះផងដែរ៕