ខេត្តកែប៖ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ បានដឹកនាំមន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពនានា និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុផ្សេងៗ វេរប្រគេនព្រះសង្ឃ និមន្តមកពីវត្តទាំង១៧ ទូទាំងខេត្តកែប ដែលពីធីនេះត្រូវបានរៀបចំនៅសាលប្រជុំសេះសរ សាលាខេត្តកែប។
ព្រះឧត្តមធម្មវេទី ទេន រេម ព្រះមេគណ នៃគណៈមហានិកាយ មានព្រះសង្ឃដីការថា ការប្រគេនទៀនចំណាំព្រះវស្សា ឬការអោយនូវប្រទីប គឺជាការអោយនូវភ្នែក គឺសេចក្តីភ្លឺស្វាង ជាការបង្ហាញនូវក្តីគោរពប្រតិបត្តិរបស់ពុទ្ធបរិស័ទ ចំពោះគុណូបការៈនៃព្រះសម្មាសម្ពុទ្ធសមណគោត្តម ជាក់ស្តែងបានជាប្រទីបបំភ្លឺ ក្នុងអំឡុងពេល ដែលព្រះភិក្ខុ សាមណេរតាមបណ្តាវត្តគង់ចាំព្រះវស្សា និងសិក្សារៀនសូត្រ ក្នុងរយៈពេល ៣ខែ ទៅតាមពុទ្ធប្បញ្ញត្តិនៃព្រះសម្មាសម្ពុទ្ធ គឺចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍រំលឹក ជម្រុញអោយក្រុមការងារចុះជួយភូមិ ជាពិសេសមន្ទីរធម្មការ និងសាសនា ត្រូវត្រួតពិនិត្យមើលតាមបណ្តាវត្ត ប្រសិនមានបញ្ហាខ្វះខាតចង្ហាន់ និងទេយ្យវត្ថុផ្សេងៗក្នុងពេលកំពុងគង់ចាំព្រះវស្សា និងសិក្សារៀនសូត្រព្រះធម៌ វិន័យ ដូច្នេះមន្ទីរជំនាញ និងក្រុមការងារភូមិ ត្រូវចាត់ចែងរៀបចំអោយបានទាន់ពេលវេលា ។
ឯកឧត្តមបន្តថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ អប់រំទូន្មាន ប្រជាពុទ្ធបរិស័ទ អោយទៅក្នុងផ្លូវល្អ ជាពលរដ្ឋល្អ គោរពច្បាប់រដ្ឋ ច្បាប់សាសនា អប់រំយុវជន អោយជៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងនិងអំពើអបាយមុខផ្សេងៗ ហើយងាកមកខិតខំដុះខាត់ជំនាញវិជ្ជាជីវៈ ទៅតាមសមាអាជីវោ ជាទំពាំងប្រកបដោយ គុណភាព សម្រាប់បន្តវេនប្រទេសជាតិរបស់យើង។
សូបញ្ជាក់ថា ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃទាំង១៧វត្ត ក្នុងមួយវត្តទទួលបានទៀនចំណាំព្រះវស្សា១គូ អង្ករ ២បាវ ទឹកសុទ្ធ២កេស មី២កេស សាដក១កញ្ចប់ ត្រីខ២យួរ ទឹកត្រី និង ទឹកស៊ីអ៊ីវ ៤យួរ និងបច្ច័យមួយចំនួនផងដែរ៕ សេង ណារិទ្ធ