អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង នៅស្រុកកំពង់ស្វាយ

0

(កំពង់ធំ)៖ ក្រោយពីទទួលបានព័ត៌មានទាក់ទងនឹងជំនន់ទឹកភ្លៀងលិចស្រូវរបស់ប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញបានចុះពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង  បណ្តាលឱ្យដំណាំស្រូវមួយចំនួនទទួលរងការខូចខាតនៅស្រុកកំពង់ស្វាយ ។

ក្រោយពិនិត្យឃើញស្ថានភាព នៃគ្រោះមហន្តរាយនេះរួច ឯកឧត្តម នួន ផារ័ត្ន បានជម្រាបជូនប្រជាពលរដ្ឋឱ្យបង្កើនការយកចិត្តទុកដាក់លើសុខសុវត្ថិភាពផ្ទាល់ខ្លួន និងបានណែនាំឱ្យអាជ្ញាធរបន្តតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ សហការជាមួយអាជ្ញាធរស្រុក ធ្វើការវាយតម្លៃចំពោះផលប៉ះពាល់ដំណាំស្រូវ និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលទទួលរងការលិចដំណាំស្រូវនៅពេលនេះ ដើម្បីត្រៀមផែនការជួយដល់ប្រជាពលរដ្ឋនៅពេលទឹកស្រកវិញ។ អត្ថបទដោយ ថុងពលរិទ្ធី-ពិនិត្យដោយអ៊ុមញឹប។