(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះ ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភនិងប្រគល់ជូនក្រុមគ្រួសារសពលោកពលបាលត្រី យ៉ុង សុទ្ធ អតីតយុទ្ធជន អតីតនៅអង្គភាពកងពលលេខ ១២ ចាស់ ប្រចាំការនៅទិសអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហេីយបានធ្លាក់ខ្លួនពិការដោយសារសង្គ្រាម នៅអំឡុងឆ្នាំ១៩៩៧ និងបានទទួលមរណៈ ភាពក្នុងជន្មាយុ៥៤ឆ្នាំ ដោយរោគាពាធ នៅភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកសន្ទុក និងអាជ្ញាធរដែនដី បានថ្លែងនូវការសោកស្ដាយ អាឡោះអាល័យ និងបានបួងសួងដល់វិញ្ញាណក្ខន្ធលោកពល បាលត្រី យ៉ុង សុទ្ធ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងបានជូនពរដល់ក្រុមគ្រួសារសព សូមមានសុខ ភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងត្រូវខិតខំបង្កបង្កេីនផល ដាំ ដំណាំ ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ហេីយនៅក្នុងពិធី បុណ្យសពនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយ ចំនួនទៀត រួមមាន អង្ករចំនួន ៥០គីឡូ ក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខកំប៉ុងចំនួន២យួរ ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផងដែរ។
ក្រុមគ្រួសារសពអតីតយុទ្ធជន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទី បំផុត ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ បម្រើដល់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅគ្រប់ទិសទីក្នុងខេត្តកំពង់ធំ ដោយអស់ពីចិត្តពីថ្លើម និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងឯកឧត្តម អស់លោកទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទដោយវេហាស៍