កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់សមាជិក សមាគមនារីកម្ពុជា ឱ្យជួយផ្សព្វផ្សាយ កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ចំណុច របស់រា ជរដ្ឋាភិបាលក្នុងការឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រ ធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមន៍ នារីកម្ពុជា ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ចំណុច ដើម្បីឆ្លើយតបបន្ទាន់ទៅ នឹងបញ្ហាជីវភាព និងសុខភាព របស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់អំពីកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ចំណុចរួមមាន ១- ការពង្រីកសេវាថែទាំសុខភាព ២-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់ យុវជនមកពី គ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ៣-ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិ ជំនួយសង្គម ៤-ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៥-ការ ដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រក ទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ ៦-ការដាក់ពង្រាយមន្ត្រីបច្ចេកទេស កសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យ មានសមាគមកសិករនៅតាមទីជនបទផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ-ចិត្ត និងស្មារតី របស់លោកជំទាវ លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីកម្ពុជា និងក្រុមចលនាស្តី គ្រប់លំដាប់ថ្នាក់ ក្នុង ខេត្តកំពង់ចាម ដែលសហការ សាមគ្គីគ្នាបានល្អប្រសើរ មិនរួញរា ក្នុងការបំពេញការងារតាមតួនាទី រៀងៗខ្លួន ដែលកើតចេញជាស្នាដៃ គួរជាទីមោទនៈ ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវគោលការណ៍លើកកម្ពស់ស្ត្រី ជាបន្តបន្ទាប់នោះ ៕