ខេត្តកំពត: ផ្លូវបេតុងចំនួន៥ខ្សែក្នុងទឹកដីស្រុកទឹកឈូ នឹងត្រូវបានស្ថាបនារួចរាល់ជាស្ថាពរនៅបំណាច់ឆ្នាំ២០២៤ខាងមុខ។នេះជាការលើកឡើងរបស់លោក អ៊ឺម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ខ្លោងទ្វារសាលាស្រុកទឹកឈូ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤។
លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា កាលមុនផ្លូវចនួន៥ខ្សែនេះជាផ្លូវក្រាលដោយក្រួសក្រហម ដែលពលរដ្ឋពិបាកធ្វើដំណើរ ប៉ុន្តែនៅចុងខែធ្នូឆ្នាំ២០២៤ខាងមុខនេះ ផ្លូវ៥ខ្សែខាងលើនឹងក្លាយជាផ្លូវបេតុងយ៉ាងស្រស់ស្អាត ដែលជាកត្តាងាយស្រួលដល់ការធ្វើដំណើរ និងការរកស៊ីលក់ដូរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរ ពិសេសអាចទាក់ទាញអ្នកទេសចរមកលេងកំសាន្ត នៅតំបន់រមណីយដ្ឋាននានាក្នុងស្រុកទឹកឈូ កាន់តែច្រើនឡើង។
លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានអោយដឹងផងដែរថា ផ្លូវជាច្រើនខ្សែក្នុងស្រុកទឹកឈូ សុទ្ធតែជាផ្លូវបម្រើផ្នែកវិស័យទេសចរណ៍យ៉ាងសំខាន់ ដូចជាផ្លូវឆ្ពោះទៅរមណីយដ្ឋានបឹងទំនប់ប្រទាក់ក្រឡា រមណីយដ្ឋានទឹកឈូ រូងប្រវត្តិសាស្ត្រភ្នំឈ្ងោកជាដើម ដែលភ្នំនេះស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយេជាង៥គីឡូម៉ែត្រ ពីបឹងទំនប់ប្រទាក់ក្រឡា និងចម្ងាយពីទីរួមខេត្តកំពត១៣គីឡូម៉ែត្រ។
លោកអភិបាលស្រុកបានបន្ថែមទៀតថា ក្រៅពីនោះលោកបានដឹកនាំមន្ត្រីក្រោមឱវាទដាំដើមក្ងោកចំនួន១០០០ដើម បន្ថែមសម្រាប់លម្អអមសងខាងផ្លូវពីសាលាស្រុកទឹកឈូ ឆ្ពោះទៅផ្លូវទៅកាន់បឹងទំនប់ប្រទាក់ក្រឡាផងដែរ៕ សេង ណារិទ្ធ