កូនឈើចំនួន២០២ដើម ជាប្រភេទកូនឈើឈើទាល ដែលឧបត្ថម្ភដោយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ យកទៅដាំតាមព្រំដីជុំវិញសាលារៀន

0

(កំពង់ធំ)÷កន្លងទៅថ្មីៗនេះលោក ឈឹង ញ៉េបមេឃុំនីពេជ លោក ប៉ែត ភិ នាយកសាលាបឋមសិក្សាដងសំរឹទ្ធ លោក ខៀវ ខូយ ប្រធានគណ:កម្មការសហគមន៍ព្រៃឈើត្រពាំងល្ពាក់ ព្រមទាំងក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការឃុំ ប៉ុស្តិ៍រដ្ឋបាល មន្ត្រីភូមិ លោកនាយក នាយិកា ទាំង៤ក្នុងឃុំ លោកគ្រូ អ្នកគ្រូ គណ:គ្រប់គ្រងសាលា ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបទាំងអស់ចំនួន៦៥នាក់ បាននាំយកកូនឈើចំនួន២០២ដើម ជាប្រភេទកូនឈើឈើទាល ដែលឧបត្ថម្ភដោយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ទៅដាំតាមព្រំដីជុំវិញសាលារៀនបឋមសិក្សាដងសំរឹទ្ធ ភូមិនីពេជ(ក) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក ប៉ែត ភិ បានមានមតិលើឡើងថា កូនឈើដែលយើងទាំងអស់គ្នាដាំនៅថ្ងៃនេះ គឺដោយលោកបានយល់ឃើញថា សព្វថ្ងៃព្រៃឈើចេះតែរិចរិល មានការបាត់បង់ដោយកត្តាមនុស្ស ធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ ដូចជា ខ្យល់ព្យុះ កន្ត្រាក់ រន្ទះ គ្រោះរាំងស្ងួត រលក់កំដៅ។ ម្យ៉ាងទៀតគឺចង់ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទដើមឈើផ្សេងៗផងនោះ។

លោកនាយកសាលាបឋមសិក្សាដងសំរឹទ្ឋ ក៍បានប្រជុំពិភាក្សាគ្នាជាមួយលោកគ្រូ អ្នកគ្រូ គណ:គ្រប់គងសាលាដើម្បីរកកូនឈើមកដាំតាមព្រំដីជុំវិញសាលារៀន ដោយមានការឯកភាពគ្នាហើយនោះ លោកនាយកសាលាបានលើកសំណើតាមរយ:លោក ខៀវ ខូយ និងលោក ហេង សេង គណៈកម្មការសហគមន៍ព្រៃឈើត្រពាំងល្ពាក់ ដើម្បីស្នើសុំកូនឈើឈើទាលចំនួន២០២ដើម ពីសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ពេលនោះសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយក៍បានដោះស្រាយជូនតាមសណូមពរ។

ជាមួយគ្នានេះផងដែរ លោកខៀវ ខូយ ប្រធានសហគមន៍ព្រៃឈើត្រពាំងល្ពាក់ បានលើកឡើងថា ព្រៃឈើពិតជាមានសារសំខាន់ណាស់សម្រាប់មនុស្ស សត្វ រស់នៅ បើគ្មានព្រៃឈើ មនុស្សក៍ពិបាករស់នៅដែរ ជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងអាចយកមកប្រើប្រាស់បានតាមតម្រូវការរបស់មនុស្ស។

នៅក្នុងឱកាសនេះលោក ឈឹង  ញ៉េប មេឃុំនីពេជ បានមានប្រសាសន៍ថា នៅថ្ងៃនេះលោកពិតជាមានកិត្តយសណាស់ដែលបានអញ្ជើញចូលរួមដាំកូនឈើ ជាមួយក្រុមការងារក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការឃុំ ប៉ុស្ដិ៍រដ្ឋបាលមន្ត្រីភូមិ លោកនាយក នាយិកាសាលាទាំង៤ក្នុងឃុំ លោកគ្រូ្អអ្នកគ្រូ គណៈគ្រប់គ្រងសាលា ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់។ ពិសេសជាគំនិតផ្ដួចផ្ដើមរបស់លោកគ្រូ ប៉ែត ភិ នាយកសាលាដងសំរឹទ្ធ ព្រមទាំងលោកគ្រូអ្នកគ្រូ និងគណ:គ្រប់គ្រង បានសហការគ្នាដាំកូនឈើទាលចំនួន២០២ដើម ដែលឧបត្ថម្ភដោយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ ទាំងអស់នេះ គឺដើម្បីជួយចូលរួមថែរក្សាការពារធនធានធម្មជាតិ ព្រៃឈើរបស់យើងទាំងអស់គ្នា ។

ក្នុងនោះលោក ឈឹង ញ៉េប ក៍បានជម្រាបជូនពីសារៈប្រយោជន៍នៃព្រៃឈើគឺដើម្បីធ្វើឱ្យមានលំនឹងអាកាសធាតុ ថែរក្សាអាកាសធាតុមិនឱ្យក្ដៅខ្លាំង មិនឱ្យត្រជាក់ខ្លាំង ផលិតផលដែលបានមកពីព្រៃឈើ ជាទំនិញដ៍ប្រសើរ និងជាទីផ្សារអន្តរជាតិ ផ្ដល់នូវវត្ថុធាតុដើមដូចជាថ្នាំសង្កូវរុក្ខផល សម្រាប់មនុស្សនិងសត្វ។ ជួយសមតិជីវចម្រុះ ទាក់ទាញទឹកភ្លៀង ការកែច្នៃផលអនុផលព្រៃឈើ គឺដើម្បីបង្កើនមុខរបរ រកចំណូលប្រចាំថ្ងៃ។ អត្ថបទដោយវេហាស៍