ខេត្តស្ទឹងត្រែង៖ ការប្តេជ្ញាចិត្តរបស់ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានធ្វើក្នុងគ្រាដែលលោក បានអញ្ជើញផ្តល់កិត្តិយសលើកទឹកចិត្ត ដល់កម្លាំងកងរាជអាវុធហត្ថខេត្ត ក្នុងការពិនិត្យពីការបង្ហាញមុខជនសង្ស័យ ៧នាក់ ក្នុងអំពើចោរកម្ម បង្កភាពអសន្តិសុខ និងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម នារសៀលថ្ងៃទី១៩កក្កដា២០២៤ ក្រោយការបង្ក្រាបរបស់ កម្លាំងកងរាជអាវុធហត្ថខេត្ត រយៈពេល២ ថ្ងៃ(១៧-១៨កក្កដា២០២៤) កន្លងមក នៅក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង។
ក្នុងចំណោមជនសង្ស័យ ៧នាក់ ក្នុងនោះស្រី ១នាក់ ត្រូវបានឃាត់ខ្លួន និងដកហូតវត្ថុតាងបទល្មើសជាច្រើនប្រភេទ ក្រោយការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ពីកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី សេង សុភាព ដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមានការចូលរួមគាំទ្រពីស្ថាប័នអយ្យ និងសាលាដំបូងខេត្តស្ទឹងត្រែង ផងដែរ។
លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបញ្ជាក់ថា ជនសង្ស័យ ៧នាក់ ក្នុងនោះស្រី ១នាក់ ត្រូវបានឃាត់ខ្លួន ជាមួយនឹងការដកហូតវត្ថុតាងបទល្មើស រួមមាន ៖ ម៉ូតូ ៩គ្រឿង ទូរសព្ទដៃ ៧គ្រឿង កាំភ្លើងកែច្នៃ ៧ដើម ដាវ ៣ដើម ម៉ូទ័របូមទឹក ៣គ្រឿង ម៉ូទ័រឈូក និងម៉ូទ័រស្វាន ៨គ្រឿង ម៉ាស៊ីនបូមទឹក ១គ្រឿង អាគុយ ៤គ្រឿង ប្រដាប់ដូយរថយន្ត ៣គ្រឿង និងថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន (ice) ម៉ាទឹកកក ៣កញ្ចប់ធំ រួមនឹងសម្ភារៈផ្សេងៗជាច្រើនមុខទៀត ផងដែរ។
លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបញ្ជាក់ទៀតថា ក្រោមការអនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំង លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង កម្លាំងអាវុធហត្ថខេត្ត បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋនោះមក កម្លាំងអាវុធហត្ថខេត្ត បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាន ៧នាក់ និងដកហូតវត្ថុតាងខាងលើ បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង អនុវត្តតាមនីតិវិធី ។
លោកឧត្តមសេនីយ៍ត្រី សេង សុភាព បានបន្តថា ជនសង្ស័យទាំងនេះ គឺជាក្រុមដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលយប់ កាច់កម៉ូតូ និងលួចកាត់ខ្សែភ្លើងតាមសាលារៀនតាមផ្ទះប្រជាពលរដ្ឋ និងនៅតាមទីសាធារណៈជាដើម។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែង ដាស់តឿនដល់កម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវតែរឹតបន្តឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីសេចក្តីសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ លោកថា ចំពោះសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្ក្រាបឲ្យអស់នូវក្រុមចោរ ដើលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅពេលយប់ និងក្រុមក្មេងទំនើង ព្រោះវាបង្កឲ្យបងប្អូនប្រជាពលរដ្ឋមានការភ័យខ្លាច ហើយធ្វើឱ្យបាត់បង់សន្តិសុខ និងបង្កភាពអសន្តិសុខក្នុងសង្គម ថែមទៀត។
លោក សរ សុពុត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើមានករណី ចោរលួច ចោរប្លន់ ត្រូវរាយការណ៍មកសមត្ថកិច្ចឲ្យបានឆាប់រហ័ស ដើម្បីឲ្យកម្លាំងរបស់យើងធ្វើការបង្ក្រាបឲ្យបានទាន់ពេលវេលា។ លោកប្តេជ្ញាថា ដរាបណាលោក នៅដឹកនាំនៅក្នុងខេត្តស្ទឹងត្រែង ដាច់ខាតមិនឲ្យមានជនល្មើសដើរបង្កធ្វើព្យុះធ្វើភ្លៀង ដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបែបនេះទៀតនោះទេ។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានស្នើដល់ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង កសាងនីតិវិធីដាក់ទោសទណ្ឌជនសង្ស័យទាំងនេះ ឱ្យសមទៅនឹងបំណងប្រាថ្នា និងសំណូមពររបស់ប្រជាពលរដ្ឋ។ ដោយឡែក ម៉ូតូ រួមទាំងសម្ភារៈផ្សេងៗ ដែលកម្លាំងសមត្ថកិច្ចដកហូតបានពីជនសង្ស័យ នឹងត្រូវប្រគល់ទៅឱ្យប្រជាពលរដ្ឋវិញ ដោយតម្រូវឱ្យម្ចាស់ទ្រព្យយកឯកសារ មកធ្វើការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ដោយមានការចូលរួមពី មេឃុំ-ចៅសង្កាត់ ដែលជាអាជ្ញាធរមូលដ្ឋាន ផងដែរ៕ ដោយ៖ឡុង សំបូរ