ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់កងកម្លាំងចម្រុះ ក្នុងបេសកកម្មការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នងតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះកងកម្ល្លាំងប្រដាប់អាវុធទាំងបី រួមជាមួយមន្ត្រីនៃស្ថាប័នបរិស្ថានខេត្តកំពង់ធំ ដែលបានសហការគ្នាល្អ ពុះពាររាល់ការលំបាក គ្រប់បែបយ៉ាងទាំងក្នុងរដូវ ប្រាំងកន្លងទៅ និងនៅក្នុងរដូវវស្សានេះ ដែលកំពុងភ្លៀងធ្លាក់ជាបន្តបន្ទាប់ តែកងកម្លាំងចម្រុះទាំងអស់ បានសម្រេចភារកិច្ចក្នុងកិច្ចការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ដែលក្នុងរយៈពេលជាងពីរខែកន្លះកន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន: ដោយគ្មានការកាប់ទន្ទ្រានធនធានធម្មជាតិជាថ្មី ហើយផ្ទៃដីដែលបានកាប់ទន្ទ្រានរួច យើងកំពុងធ្វើការគ្រប់គ្រង និងស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តអនុវត្តភារកិច្ចដោយគ្មានដកថយឡើយ ក្នុងការទប់ស្កាត់ និងបង្ក្រាបមិនឲ្យមានការកើតឡើងជាថ្មី នៅការកាប់ទន្ទ្រាន្តដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ នឹងត្រូវការពារឲ្យបានដាច់ខាត ផ្ទៃដីដែលរកឃើញពីការកាប់កន្ទ្រានកន្លងមក ទុកជាដីរបស់រដ្ឋ និងដាំដើមឈើឡើងវិញ ដើម្បីការពារធនធានធម្មជាតិរបស់យើងឲ្យនៅគង់វង្សតរៀងទៅសម្រាប់កូនចៅយើងនៅជំនាន់ក្រោយ ក្រោយទៀត ។