ខេត្តស្ទឹងត្រែង៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដែលដឹកនាំដោយ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចុះពិនិត្យ និងព្យាបាលជំងឺច្រើនប្រភេទ ជូនប្រជាពលរដ្ឋជាង ៣ពាន់នាក់ ដោយឥតគិតថ្លៃ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាល័យព្រះគោ ស្ថិតនៅក្នុងភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន ,អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ,ថ្នាកដឹកនាំសមាគមTYDA ,មន្ទីរ អង្គភាពពាក់ព័ន្ធជំវិញខេត្ត ,កងកម្លាំងទាំង៣ ,អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ,យុវជនស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធជាតិកម្ពុជា ,សមាគមកាយរិទ្ធនារីជាតិកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនទៀត ផងដែរ។
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចាត់ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋជាង ៣ពាន់នាក់ សរុប ៤ពាន់ ៤៤៦ ករណី ក្នុងនោះរួមមាន៖ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺត្រចៀក ច្រមុះ បំពងក ជំងឺភ្នែក រោគស្រ្តី ពិនិត្យអេកូសាស្រ្ត វះកាត់តូច ជំងឺបេះដូង ជំងឺសើរស្បែក ជំងឺឫសដូងបាត ជំងឺសន្លាក់ ពិនិត្យឈាម ថតកាំរស្មីX និងផ្នែករោគកុមារ ក្នុងនោះករណីជំងឺធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាលបន្តមានចំនួន ១៣ ករណី ។
លោក ផៃ ប៊ុនឈឿន បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែគិតគូពីសុខទុក្ខ សុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងតែងតែបង្កលក្ខណៈងាយស្រួល ក្នុងការព្យាបាលជូនប្រជាពលរដ្ឋដល់ទីកន្លែង ព្រមទាំងបញ្ជូនប្រជាពលរដ្ឋដែលមានលក្ខណៈធ្ងន់ធ្ងរ មកព្យាបាលនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងក្រុមការងារសមាគម TYDA ។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធាន-អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម ដែលបានអនុញ្ញាតិឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះមកព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលសកម្មភាពទាំងនេះ គឺបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ បានមួយកំរិតថែមទៀត៕ ដោយ៖ឡុង សំបូរ