(កំពង់ធំ)៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា ឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិក នៃម្ពុជា និងក្រុមការងារ ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ រួមទាំងមន្រ្តីរាជការ ពុទ្ធបរិស័ទ បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យ វេរប្រគេនចំពោះព្រះសង្ឃ គង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងវត្តអារាមចំនួន២៥វត្ត ក្នុងស្រុកប្រាសាទសំបូរ នៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ លោកជំទាវបណ្ឌិតបានបន្តថា ពិធីបុណ្យចូលព្រះវស្សានេះ ពុទ្ធបរិស័ទតែងតែនាំយកទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាការចែករំលែកនូវការខ្វះខាតរបស់ព្រះសង្ឃនៅក្នុងវត្តអារាម និងការលើកតម្កើងប្រជាពលរដ្ឋឱ្យចេះធ្វើបុណ្យទានឱ្យបានច្រើន ដើម្បីចូលរួមចំណែកការកសាង សមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឱ្យមានការរីកចំរើន។
លោកជំទាវបណ្ឌិតអគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបន្តថែរក្សា ជំនឿ ប្រពៃណី ទំនៀមទំលាប់ និងសមិទ្ធផលនានា ដែលបានកសាងកន្លងមកនេះ និងសូមចូលរួមអភិវឌ្ឍនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីឱ្យស្រុក/ខេត្តរបស់យើង និងប្រទេសជាតិមានការរីកចម្រើនបន្ថែមទៀត។
លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់ ឯកឧត្តម អ្នកតំណាងរាស្ត្រ លោកអភិបាលស្រុក រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ដែលមានសទ្ធាជ្រះថ្លា បានចូលរួមក្នុងពិធីបុណ្យចូលព្រះវស្សានាពេលនេះ ដើម្បីឧទ្ធិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារមន្រ្តីរាជការ ក្នុងស្រុកប្រាសាទសំបូរ ក៏ដូចជាប្រជាពលរដ្ឋទូទៅឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរុងរឿងទៅមុខទៀត។
នាឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា រួមទាំងសហការី បានប្រគេនទៀនវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃទាំង២៥វត្តនេះ រួមមាន៖ ក្នុង១វត្តទទួលបាន ទៀនវស្សា១គូរ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនទៀតផងដែរ។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ