ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជម្ងឺ ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាង ៥ពាន់នាក់ នៅស្រុកព្រៃឈរ

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃឈរ អមដំណើរ ដោយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៩០៧នាក់ ចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ ប្រមាណជា ៥ពាន់នាក់ នៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងឃុំជ្រៃវៀន ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះក្រុមគ្រូ ពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី ដែលសុទ្ធសឹងតែជាអ្នកមានជំនាញបទពិសោធន៍ច្បាស់ លាស់ ទទួលការសិក្សានៅបរទេស ហើយលះបង់ពេលវេលា ចុះជួយពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះដោយមិនគិតពីការនឿយហត់ ដែលកើតចេញពីស្មារតីមនុស្សធម៌ សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែររួបរួមគ្នាតែមួយ អនាគត តែមួយ ពោលគឺការពិនិត្យព្យាបាលនេះមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយនោះឡើយ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា​ បើទោះបីជា មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព របស់រដ្ឋមាននៅគ្រប់មូលដ្ឋាន ប៉ុន្តែការពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋ នៅតែមិនទាន់តាមតម្រូវការនៅឡើយទេ ដូច្នេះទើបមានការស្នើសុំទៅឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី បុត្រាសម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ដល់មូលដ្ឋាននាឱកាសនេះ ក្នុងគោលបំណង​ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ជីវភាពក្នុងគ្រួសារពុកម៉ែបងប្អូន ដោយមិនត្រូវចំណាយពេលវេលា និងថវិកាទៅពិនិត្យ ព្យាបាលជម្ងឺ នៅឯទីឆ្ងាយៗ ផងដែរ ។

ជាមួយគ្នានោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកព្រៃឈរ ក៏បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារទាំងអស់ ដោយបាននាំយកអំណោយថ្នាំពេទ្យដ៏ ថ្លៃថ្លា របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ៕